FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា ត្រៀមខ្លួនពង្រីកទីផ្សារទេសចរណ៍រុស្ស៊ីនៅចុងឆ្នាំ២០២៦ និងឆ្នាំ២០២៧

19-09-2026 22:27

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលភ្ញៀវទេសចររុស្ស៊ី និងពង្រីកទីផ្សារទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ីឱ្យកាន់តែខ្លាំងក្លា នៅចុងឆ្នាំ២០២៦ និងក្នុងឆ្នាំ២០២៧។

ការបញ្ជាក់នេះធ្វើឡើងក្នុងពិធីបើក «ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី» ដែលរៀបចំឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីលោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា, លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក លោកស្រីតំណាងស្ថានទូតប្រចាំកម្ពុជា, លោក Vladimir Palancica ប្រធាន BRICS House-Cambodia និងជាស្ថានតំណាងក្រសួងទេសចរណ៍កម្ពុជាប្រចាំទីក្រុងម៉ូស្គូ ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ វិស័យឯកជន ក្រុមហ៊ុនទេសចរណ៍មកពីរុស្ស៊ី និងអន្តរជាតិ សារព័ត៌មាន និង Influencers សរុបប្រមាណជាង២០០នាក់។

ក្នុងឱកាសនេះ លោក ហួត ហាក់ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា BRICS House-Cambodia និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ដើម្បីចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

លោករដ្ឋមន្ត្រីបានលើកឡើងថា ទីផ្សាររុស្ស៊ី គឺជាទីផ្សារគោលដៅមួយដែលកម្ពុជាត្រូវផ្តោតការយកចិត្តទុកដាក់ និងត្រូវបម្លែងសក្តានុពលទៅជាលំហូរភ្ញៀវទេសចរជាក់ស្តែងមកកម្ពុជា។ ក្នុងន័យនេះ «ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី» គឺជាការប្រែក្លាយទិសដៅរបស់រាជរដ្ឋាភិបាល និងអនុសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅជាសកម្មភាពជាក់ស្តែង ដើម្បីពង្រីក និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ មានភាពធន់ និងមានសមត្ថភាពប្រកួតប្រជែង។

លោក ហួត ហាក់ ក៏បានណែនាំដល់ប្រតិបត្តិករទេសចរណ៍ថា ក្នុងបរិបទ និងនិន្នាការបច្ចុប្បន្ន មិនអាចរង់ចាំឱ្យភ្ញៀវទេសចររុស្ស៊ីស្គាល់កម្ពុជាដោយខ្លួនឯងនោះទេ ប៉ុន្តែត្រូវនាំ «អច្ឆរិយភាពកម្ពុជា» ទៅកាន់ទីផ្សាររុស្ស៊ី ដើម្បីឱ្យពួកគេឃើញកម្ពុជា ស្គាល់កម្ពុជា ចង់មកកម្ពុជា និងសម្រេចចិត្តមកទស្សនាកម្ពុជាដោយផ្ទាល់។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការរួមសហការរវាងរដ្ឋ និងវិស័យឯកជនជាប្រព័ន្ធ និងជាពិសេសការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងរុស្ស៊ី ដើម្បីជំរុញការផ្លាស់ប្តូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ។

លោកបានគូសរំលេចថា «ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី» នឹងក្លាយជាវេទិកាដ៏មានប្រសិទ្ធភាពសម្រាប់លើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ពង្រឹងភាពជាដៃគូរវាងវិស័យឯកជន និងបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី។

ជាមួយគ្នានេះ លោក ហួត ហាក់ បានលើកឡើងថា កិច្ចសហប្រតិបត្តិការទេសចរណ៍នឹងចូលរួមពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងរុស្ស៊ី។

សូមជម្រាបថា កម្ពុជា និងសហព័ន្ធរុស្ស៊ី បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៥៦។ នៅឆ្នាំ២០២៦នេះ ប្រទេសទាំងពីរកំពុងប្រារព្ធខួប៧០ឆ្នាំ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានរីកចម្រើនជាបន្តបន្ទាប់លើវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍៕