សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ នាំយកអំណោយស្បៀង សម្ភារ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២១គ្រួសារ នៅសង្កាត់បន្សាយរ៉ាក់ ក្រុងសំរោង
19-09-2026 22:17
(ឧត្តរមានជ័យ)៖ ដោយឈរលើស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយស្បៀងសម្ភារៈ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២១គ្រួសារ នៅសង្កាត់បន្សាយរ៉ាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ តំណាងលោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ និងក្រុមការងារជាច្រើនរូបទៀត។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក ឃិន ញ៉ាណ បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងពាំនាំការសួរសុខទុក្ខពីលោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យផងដែរ។
លោកបានលើកឡើងថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត ជួបការលំបាក ឬរងគ្រោះដោយសារគ្រោះធម្មជាតិ និងហេតុការណ៍ផ្សេងៗ ហើយតែងតែខិតខំស្វែងរកលទ្ធភាព ដើម្បីជួយសម្រាលការលំបាករបស់ពួកគាត់ឱ្យបានទាន់ពេលវេលា។
លោក ឃិន ញ៉ាណ បានថ្លែងបញ្ជាក់ទៀតថា៖ កាកបាទក្រហមកម្ពុជា បំពេញបេសកកម្មមនុស្សធម៌ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយឡើយ។ ការជួយគឺផ្អែកលើតម្រូវការមនុស្សធម៌ និងស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។
លោកបានបន្តថា ការនាំយកអំណោយមកជូននៅពេលនេះ មិនមែនគ្រាន់តែជាការផ្តល់ស្បៀង និងសម្ភារសម្រាប់ដោះស្រាយការលំបាកចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារបញ្ជាក់ថា កាកបាទក្រហមកម្ពុជា តែងតែឈរនៅក្បែរប្រជាពលរដ្ឋ និងមិនទុកឱ្យប្រជាពលរដ្ឋដែលកំពុងជួបការលំបាកប្រឈមបញ្ហាតែម្នាក់ឯងឡើយ។
លោកក៏បានថ្លែងផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឱ្យបន្តថែរក្សាសុខភាព អនុវត្តអនាម័យ រស់នៅដោយសាមគ្គីភាព និងខិតខំប្រកបរបររកស៊ីតាមលទ្ធភាព ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។សកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានបន្តបង្ហាញពីតួនាទីជាស្ថាប័នមនុស្សធម៌ ដែលផ្តោតលើការជួយសង្គ្រោះ និងសម្រាលការលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ជាពិសេសនៅពេលប្រជាពលរដ្ឋជួបបញ្ហាជីវភាព ឬរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ៕





