លោក រ៉ូហ្វី អូស្មាន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងទិសដៅបន្តរបស់ក្រុមជំរុញព្រឹត្តិការណ៍កីឡា នៃយុវជនគណបក្សថ្នាក់កណ្តាល
19-09-2026 20:46
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោក រ៉ូហ្វី អូស្មាន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំ និងជំរុញព្រឹត្តិការណ៍កីឡា នៃផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ វឌ្ឍនភាព-ទិសដៅការងារបន្ត និងពិភាក្សាលើបញ្ហាប្រឈមនានា របស់ក្រុមជំរុញព្រឹត្តិការណ៍កីឡា នៃផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នៅទីស្នាក់ការកណ្តាលគណៈចលនាសាសនិកឥស្លាម វិមាន៧ មករា។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣រួមមាន៖ ពិនិត្យ និងវាយតម្លៃឡើងវិញនូវវឌ្ឍនភាពការងារ ដែលបានអនុវត្តកន្លងមក, ពិភាក្សា និងផ្លាស់ប្ដូរមតិយោបល់ដោយស្មោះត្រង់លើបញ្ហាប្រឈមនានា និងកំណត់ទិសដៅការងារ និងផែនការសកម្មភាពបន្ត ឱ្យកាន់តែច្បាស់លាស់ ចំទិសដៅ និងមានប្រសិទ្ធភាពខ្ពស់។
បន្ថែមពីនេះ កិច្ចប្រជុំក៏បានសង្កត់ធ្ងន់លើការជំរុញឱ្យមានការចូលរួមក្នុងព្រឹត្តិការណ៍កីឡានានា ទាំងកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងនៅតាមបណ្ដាសាកលវិទ្យាល័យ ឬវិទ្យាស្ថាននានាផងដែរ៕
