FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សុខ សូកាន ជំរុញការត្រៀមខ្លួនឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ នៅស្រុកគិរីវង់

19-09-2026 20:31

(តាកែវ)៖ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងប្រកាសសមាសភាព «គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧» នៅស្រុកគិរីវង់ ខេត្តតាកែវ។

នាឱកាសនោះ លោក សុខ សូកាន បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ មិនមែនគ្រាន់តែជាការបោះឆ្នោតនៅថ្នាក់មូលដ្ឋានធម្មតានោះឡើយ។ ជ័យជម្នះ និងភាពរឹងមាំនៅថ្នាក់ឃុំ-សង្កាត់ ក្នុងឆ្នាំ២០២៧ គឺជា «គ្រឹះយ៉ាងរឹងមាំ និងជាស្ពានចម្លង» ដែលឈានទៅសម្រេចបានជ័យជម្នះដ៏ត្រចះត្រចង់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៨ ក្នុងឆ្នាំ២០២៨ ក៏ដូចជាការបោះឆ្នោតជាបន្តបន្ទាប់ទៀត។

លោកបានសង្កត់ធ្ងន់ថា បើគ្មានគ្រឹះឃុំ-សង្កាត់ដ៏រឹងមាំនៅឆ្នាំ២០២៧ទេ នោះក៏មិនអាចធានានូវជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្សក្នុងការបោះឆ្នោតជាបន្តបន្ទាប់បានឡើយ។

លោក សុខ សូកាន ក៏បានណែនាំការងារជាគន្លឹះសំខាន់ៗដល់មន្ត្រីគណបក្សម្នាក់ៗ ឲ្យយល់ដឹងអំពីការងារបក្សឲ្យបានច្បាស់លាស់ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ហើយអនុវត្តប្រកបដោយមនសិការភ្ញាក់រលឹកខ្ពស់។ លោក បានមានប្រសាសន៍រំលឹកថា៖ “មន្ត្រីគណបក្សត្រូវតែជាសេនាធិការល្អ ពុះពារស្មោះសជាមួយគណបក្ស និងមានឆន្ទះបម្រើប្រជាពលរដ្ឋពិតប្រាកដ”។

លោកបានបន្ថែមថា បើទោះបីកម្ពុជាកំពុងទទួលរងឥទ្ធិលពល ពីសង្គ្រាមតំបន់ ការប្រែប្រួលមិនច្បាស់លាស់របស់ពិភពលោក និងការគម្រាមកំហែងពីប្រទេសជិតខាងក្តី ក៏លោកមានសុទិដ្ឋិនិយមថា គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្ស ដែលអាចដោះស្រាយបញ្ហាចំពោះមុខនេះបាន ព្រោះគណបក្សមានភាពចាស់ទុំ និងបទពិសោធន៍ដោះស្រាយបញ្ហារបស់កម្ពុជារាប់ទសវត្សមកហើយ។ បើទោះបីស្ថានការណ៍ជាតិ និងអន្តរជាតិមានការប្រែប្រួលក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែបន្តបុព្វហេតុរបស់ខ្លួនដដែល ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងរួមសុខទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ។

ជាមួយគ្នានេះ លោកបានជំរុញឲ្យសមាជិកបក្សចូលរួមគាំទ្រការផ្សព្វផ្សាយព័ត៌មានពិត ព័ត៌មានវិជ្ជមាន និងប្រឆាំងនឹងព័ត៌មានញុះញង់ ដែលបង្កភាពវឹកវរដល់សង្គម។ លើសពីនេះ ត្រូវលើកកម្ពស់ការងារសតិអារម្មណ៍ប្រជាជនមហាជនឱ្យគាំទ្រ និងជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាផ្សេងៗ និងលើកកម្ពស់ស្មារតីជាតិនិយម ព្រមទាំងខិតខំពង្រីក និងប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានគ្រប់ៗគ្នា។ ឆ្លៀតក្នុងឳកាស អញ្ចើញក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចនេះ លោក សុខ សូកាន ក៏បានឆ្លៀតពិនិត្យ វឌ្ឍនភាព ក្នុងការឈានទៅការបញ្ចប់ការសាងសង់សួនវប្បធម៌សម្តេចវិបុលបញ្ញា សុខ អាន គិរីវង់ ដែលជាសមត្ថផលធំមួយទៀត របស់ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន ជូនប្រជាជនខេត្តតាកែវ៕