តំណាងក្រសួងការងារ ចូលរួមវេទិកាអន្តរជាតិ ស្តីពីការពង្រឹងប្រព័ន្ធសោធននិវត្តន៍ នៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង
19-09-2026 19:38
(អាហ្វ្រិកខាងត្បូង)៖ លោកបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ និងលោក ហ៊ីវ រស្មី អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួម "កិច្ចប្រជុំគណៈកម្មការ IOPS" និង "សន្និសីទអន្តរជាតិរួមគ្នារវាង IOPS/FSCA/World Bank" ក្នុងនាមជាសមាជិកពេញសិទ្ធិ នៅទីក្រុង Cape Town សាធារណរដ្ឋអាហ្វ្រិកខាងត្បូង នាថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានតំណាងប្រទេសជាសមាជិកប្រមាណ ៨០ ប្រទេសចូលរួម។
វេទិកានេះ ផ្តោតលើការផ្លាស់ប្តូរបទពិសោធ និងការអនុវត្តល្អៗ ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធសោធននិវត្តន៍ ព្រមទាំងពិភាក្សាអំពីអភិបាលកិច្ច តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពចំណាយ និងការអភិវឌ្ឍផលិតផលសោធននិវត្តន៍ឱ្យឆ្លើយតបនឹងតម្រូវការរបស់សមាជិក និងសោធនិក។
ជាមួយគ្នានេះ ការចូលរួមក្នុងវេទិកាអន្តរជាតិខាងលើ ក៏បានបន្តពីវគ្គបណ្តុះបណ្តាលរបស់ធនាគារពិភពលោក ស្តីពី "មូលដ្ឋានគ្រឹះនៃការរៀបចំប្រព័ន្ធប្រាក់សោធន" ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធសោធននិវត្តន៍ឱ្យមានស្ថិរភាពហិរញ្ញវត្ថុ ពង្រីកវិសាលភាពគ្របដណ្តប់ដល់កម្លាំងពលកម្មក្រៅប្រព័ន្ធ ធ្វើទំនើបកម្មរដ្ឋបាល គ្រប់គ្រងទិន្នន័យ ព្រមទាំងការប្រើប្រាស់ឧបករណ៍ និងគំរូវាយតម្លៃសម្រាប់កែលម្អរៀបចំគោលនយោបាយសោធននិវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។
ការចូលរួមនេះ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរចំណេះដឹង ដើម្បីគាំទ្រការអភិវឌ្ឍប្រព័ន្ធសោធននិវត្តន៍កម្ពុជាឱ្យមានប្រសិទ្ធភាព តម្លាភាព អភិបាលកិច្ចល្អ និងចីរភាព សំដៅរួមចំណែកធានាសន្តិសុខហិរញ្ញវត្ថុ និងភាពគ្រប់គ្រាន់ជូនដល់សមាជិក និងសោធនិក៕










