ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពិនិត្យ និងសម្រេចចុងក្រោយលើលទ្ធផលប្រឡងក្រសួងផែនការ, ជាប់ស្ថាពរ១៦នាក់ និងបម្រុង៧នាក់
19-09-2026 19:30
(ភ្នំពេញ)៖ រយៈពេលពេញមួយថ្ងៃ ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ លើវិញ្ញាសាសួរផ្ទាល់មាត់ បានបញ្ចប់ទៅដោយជោគជ័យគួរជាទីមោទនៈ។
នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញពិនិត្យ និងចុះហត្ថលេខាលើលទ្ធផលប្រឡងដោយផ្ទាល់។
សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ មានបេក្ខជនជាប់ជាស្ថាពរ ចំនួន១៦រូប (ស្រី ៨រូប និងប្រុស៨រូប)។ ខណៈបេក្ខជនជាប់បម្រុងចំនួន៧នាក់។
ទន្ទឹមនឹងនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន អនុគណៈកម្មការនានាគ្រប់លំដាប់ថ្នាក់ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងអ្នកសង្កេតការណ៍ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ចូលរួមសហការ និងបំពេញភារកិច្ចយ៉ាងសកម្ម ស្វិតស្វាញ រហូតឈានទៅសម្រេចបាននូវលទ្ធផលផ្លូវការ ជូនដល់បេក្ខជនទាំងអស់ ដែលកំពុងទន្ទឹងរង់ចាំបានយ៉ាងឆាប់រហ័ស ស្របតាមគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕









