ក្រសួងទេសចរណ៍ រៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» នៅខេត្តកំពត ចាប់ពីថ្ងៃទី២-៤ ខែតុលា
19-09-2026 19:05
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពត នឹងរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» ដើម្បីបន្តជំរុញ និងលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិ ព្រមទាំងទាក់ទាញលំហូរភ្ញៀវទេសចរឱ្យទៅកម្សាន្តនៅតំបន់ឆ្នេរក្នុងរដូវកាលបៃតង។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណឆ្នេរចន្លោះពីស្ពានថ្មី ដល់ស្ពានចាស់ (រូបសំណាកបាតដៃ) ខេត្តកំពត ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖
* លើកកម្ពស់ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់ឆ្នេរ ព្រមទាំងជំរុញសក្តានុពលគោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ
* ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងសហគមន៍ទេសចរណ៍ តាមរយៈការបង្កើនឱកាសការងារ និងប្រភពចំណូលជូនប្រជាពលរដ្ឋក្នុងតំបន់
* ចូលរួមគាំទ្រ និងផ្សព្វផ្សាយ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦»។
ជាមួយគ្នានេះ ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍កាន់តែមានភាពអធិកអធម ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធីអមជាច្រើន រួមមាន៖
* កម្មវិធីបង្ហាញស្នាដៃចម្អិនម្ហូប និងពិព័រណ៍ម្ហូបអាហារ ព្រមទាំងស្តង់តាំងបង្ហាញផលិតផល មុខម្ហូបប្រចាំតំបន់ ផ្លែឈើតាមរដូវកាល និងផលិតផលកែច្នៃរបស់សហគមន៍មូលដ្ឋាន
* សិក្ខាសាលាស្តីពី «សក្តានុពលទេសចរណ៍ម្ហូបអាហារ និងភាពស្រស់ស្អាតនៃតំបន់ឆ្នេរក្នុងរដូវកាលបៃតង»
* កម្មវិធីកីឡាទេសចរណ៍ «ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង»
* កម្មវិធី «ជជែកលើវិថីទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦»
* កម្មវិធីសម្តែងទស្សនីយភាពសិល្បៈ របាំប្រពៃណី និងការប្រគុំតន្ត្រី។
ក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ចូលរួមទស្សនា និងកម្សាន្តក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលទេសចរណ៍តំបន់ឆ្នេររបស់កម្ពុជា ក្នុងរដូវកាលបៃតង៕



