FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហួត ហាក់៖ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២៦-២០៣០» នឹងប្រែក្លាយសៀមរាបជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

19-09-2026 19:02

(សៀមរាប)៖ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៦-២០៣០» នឹងក្លាយជាផែនទីបង្ហាញផ្លូវរួម និងជាក្របខណ្ឌសកម្មភាពសម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធ រួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ឱ្យកាន់តែមានគុណភាព និងភាពទាក់ទាញ ដោយឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយខេត្តសៀមរាបជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក ដែលផ្សារភ្ជាប់ទេសចរណ៍វប្បធម៌ និងធម្មជាតិ ប្រកបដោយភាពធន់ បរិយាបន្ន ចីរភាព និងការទទួលខុសត្រូវ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងបែបនេះ ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៦-២០៣០» ដែលធ្វើឡើងនៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

លោក ហួត ហាក់ បានបញ្ជាក់ថា ផែនការនេះមានគោលដៅផ្តល់បទពិសោធដ៏វិសេសវិសាលដល់ភ្ញៀវទេសចរ ព្រមទាំងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យមានគុណភាព និងចីរភាព។

ពិធីនេះមានការចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប, លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក លោកស្រី តំណាងអង្គភាព និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, ប្រតិបត្តិករទេសចរណ៍, សហគមន៍ទេសចរណ៍, គ្រឹះស្ថានសិក្សា, សិស្សានុសិស្ស និងអ្នកផលិតមាតិកាព័ត៌មាន ប្រមាណ ២០០នាក់។

ក្នុងឱកាសនោះ លោក ហួត ហាក់ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងសម្របសម្រួលជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ព្រមទាំងចូលរួមជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប និងសម្របសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោករដ្ឋមន្ត្រីបានគូសរំលេចថា ខេត្តសៀមរាបប្រៀបបាននឹងដួងព្រលឹងនៃព្រះរាជាណាចក្រកម្ពុជា ជាទឹកដីអរិយធម៌ដ៏រុងរឿង និងជាទីតាំងនៃប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាកំណប់ទ្រព្យដ៏មានតម្លៃរបស់មនុស្សជាតិ។

លោកបន្តថា សៀមរាបមិនត្រឹមតែឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ ដែលតំណាងឱ្យអត្តសញ្ញាណ កិត្យានុភាព និងមោទនភាពជាតិខ្មែរនៅលើឆាកអន្តរជាតិ។

លោក ហួត ហាក់ បានបញ្ជាក់ថា ក្នុងបរិបទដែលការប្រកួតប្រជែងទេសចរណ៍ក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយារបស់ភ្ញៀវទេសចរកាន់តែមានការផ្លាស់ប្តូរ កម្ពុជាត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដោយផ្តោតលើ «សៀមរាប លើសពីតំបន់អង្គរ» កែលម្អ និងពង្រឹងគុណភាពសេវាកម្ម បង្កើនភាពទាក់ទាញ ព្រមទាំងពង្រឹងសន្តិសុខ និងសុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី និងការប្រកួតប្រជែងជាមួយគោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់ និងពិភពលោក។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រីបានដាក់ចេញអនុសាសន៍សំខាន់ៗចំនួន ៤ រួមមាន៖

*ទី១៖ បន្តច្នៃប្រឌិត និងបង្កើតទីតាំងដែលមានអត្តសញ្ញាណសម្រាប់ខេត្តសៀមរាប ព្រមទាំងពិនិត្យលទ្ធភាពបំផុសសក្តានុពលទីតាំង ឬលំហសាធារណៈដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញ ដើម្បីបម្លែងទៅជាផលិតផល និងបទពិសោធទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និងភាពទាក់ទាញ។

*ទី២៖ រៀបចំឱ្យមាននិទានកថា (Storytelling) នៅតាមទីតាំងសក្តានុពលទេសចរណ៍ ដោយក្នុងសម័យទេសចរណ៍ទំនើប មិនត្រឹមតែ «លក់ទីកន្លែង» ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ «លក់រឿងរ៉ាវ លក់បទពិសោធ និងលក់អារម្មណ៍» តាមរយៈការផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យកម្ម ជីវភាពរស់នៅ អាហារ និងលក្ខណៈពិសេសរបស់ទីតាំង។

*ទី៣៖ បង្កើត Branding របស់ខេត្តសៀមរាប ដោយផ្តោតលើការកសាងម៉ាកគោលដៅទេសចរណ៍ឱ្យមានអត្តសញ្ញាណពិសេស និងអាចដក់ជាប់ក្នុងការចងចាំរបស់ភ្ញៀវទេសចរ។

*ទី៤៖ ពិនិត្យលទ្ធភាពបង្កើនសកម្មភាពទេសចរណ៍នាពេលរាត្រី ដើម្បីបង្កើនបទពិសោធដល់ភ្ញៀវទេសចរ និងពន្យាររយៈពេលស្នាក់នៅរបស់ភ្ញៀវទេសចរនៅខេត្តសៀមរាប៕