FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យជនបរទេសស្នាក់នៅ ៨នាក់ មានឯកសារត្រឹមត្រូវ និងពុំមានពាក់ព័ន្ធបទល្មើសស្កែមអនឡាញ

19-09-2026 16:41

(ប៉ោយប៉ែត)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានចុះអនុវត្តការងាររដ្ឋបាលយ៉ាងសកម្ម នៅតាមបណ្តាសង្កាត់នានា ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេស។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមការណែនាំរបស់លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូងខេត្ត និងដឹកនាំប្រតិបត្តិការដោយលោក លៀម សុដា អភិបាលរង និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុងប៉ោយប៉ែត ព្រមទាំងមានការចូលរួមសហការពីសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានចុះត្រួតពិនិត្យសរុបចំនួន ៦ទីតាំង ក្នុងនោះមាននៅសង្កាត់ប៉ោយប៉ែត សង្កាត់អូរជ្រៅ និងសង្កាត់ផ្សារកណ្ដាល។ ជាលទ្ធផល ក្រុមការងារបានរកឃើញជនបរទេសស្នាក់នៅចំនួន ០៨នាក់ (ជនជាតិឥណ្ឌូនេស៊ី ៣នាក់ ប៉ាគីស្ថាន ៤នាក់ និងបារាំង ១នាក់)។ គួរកត់សម្គាល់ថា ជនបរទេសទាំង ០៨នាក់នេះ សុទ្ធតែមានឯកសារស្នាក់នៅត្រឹមត្រូវតាមច្បាប់កំណត់ ហើយពុំមានការរកឃើញបទល្មើសពាក់ព័ន្ធនឹងស្កែមអនឡាញ ឬបទល្មើសផ្សេងៗទៀតឡើយ។

ជាក់ស្តែង នៅសង្កាត់ប៉ោយប៉ែត ដឹកនាំដោយលោក បោន សិលា អភិបាលរងក្រុង បានចុះអនុវត្តចំនួន ០៣គោលដៅ រកឃើញជនជាតិឥណ្ឌូនេស៊ី ៣នាក់ មានឯកសារត្រឹមត្រូវ។ ចំណែកនៅសង្កាត់អូរជ្រៅ ដឹកនាំដោយលោក ពេស រិយ៉ាស័ក អភិបាលរងក្រុង បានអនុវត្ត ០១គោលដៅ រកឃើញជនជាតិប៉ាគីស្ថាន ៤នាក់ និងបារាំង ១នាក់ ដែលសុទ្ធតែមានឯកសារត្រឹមត្រូវ។ រីឯនៅសង្កាត់ផ្សារកណ្ដាល ដឹកនាំដោយលោក មាស សំណាង អភិបាលរងក្រុង បានចុះអនុវត្តចំនួន ២ទីតាំង ប៉ុន្តែពុំបានរកឃើញជនបរទេសស្នាក់នៅឡើយ៕