ប្រធានសាខា កបប ខេត្តព្រះសីហនុ រៀបចំពិធីក្រុងពាលីសាងសង់អគារស្នាក់ការថ្មីនៅស្រុកស្ទឹងហាវ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងសេវាសាធារណៈ
19-09-2026 16:00
(ព្រះសីហនុ)៖ លោក ឃុន ស៊ីម៉ន ប្រធានសាខា កបប ខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំរៀបចំពិធីក្រុងពាលីសាងសង់អគារស្នាក់ការសាខា កបប ស្រុកស្ទឹងហាវ ប្រកបដោយបរិយាកាសរីករាយ និងមង្គល។ ពិធីនេះធ្វើឡើងក្នុងគោលបំណងស្នើសុំសេចក្តីសុខ សេចក្តីចម្រើន និងប្រសិទ្ធពរជ័យ សិរីសួស្តី សម្រាប់ការចាប់ផ្តើមដំណើរការសាងសង់អគារថ្មីនេះ។
ពិធីដ៏មានអត្ថន័យនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលស្រុកស្ទឹងហាវ អភិបាលរងស្រុក ក្រុមការងារសាងសង់ ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរដែនដី លោកគ្រូអាចារ្យ និងលោកយាយដូនជីជាច្រើនរូបផងដែរ។ ការចូលរួមនេះបានឆ្លុះបញ្ចាំងពីការគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើផលប្រយោជន៍សាធារណៈ។
ការលេចចេញជារូបរាងជាផ្លូវការនូវអគារស្នាក់ការថ្មីនេះ ត្រូវបានរំពឹងទុកថានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីជំនាញឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ អគារថ្មីនឹងជួយបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងការពារផលប្រយោជន៍អ្នកប្រើប្រាស់ឱ្យកាន់តែទាន់ចិត្ត។ នេះជាជំហានដ៏សំខាន់មួយក្នុងការកែលម្អគុណភាពសេវាសាធារណៈ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕









