សម្តេចក្រឡាហោម ស ខេង ជួបសំណេះសំណាលជាមួយសមាជិកគណបក្សស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង
19-09-2026 15:57
(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សស្រុក និងសមាជិកក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សស្រុកកញ្ជ្រៀច។
ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី និងសមាជិកគណបក្សគ្រប់ថ្នាក់ ដែលបានរួមចំណែកនាំមកនូវជោគជ័យជូនគណបក្សក្នុងការបោះឆ្នោតជាបន្តបន្ទាប់កន្លងមក។ សម្តេចក៏បានគូសបញ្ជាក់អំពីការវិវត្តប្រែប្រួលនៃសភាពការណ៍អន្តរជាតិ តំបន់ និងប្រទេសជាតិ ព្រមទាំងគោលការណ៍ណែនាំរបស់គណបក្ស ក្នុងការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដោយជំរុញឱ្យបន្តដណ្តើមជោគជ័យឱ្យបានដាច់ខាត។
សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរ មន្ត្រី និងកងកម្លាំងមានសមត្ថកិច្ច ដែលបានសហការយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានរួមចំណែកថែរក្សាពង្រឹងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជំរុញការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតបសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ក្រុមការងារក៏បានចូលរួមគាំទ្រសកម្មភាពជាច្រើន ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ គាំទ្រអភិវឌ្ឍវិស័យអប់រំ កសិកម្ម សាសនា និងបានបរិច្ចាគធនធានផ្ទាល់ខ្លួន ក៏ដូចជាកៀរគរធនធានពីសប្បុរសជននានា ដើម្បីកសាងសមិទ្ធផលសង្គមជាច្រើននៅមូលដ្ឋាន។
សម្តេចក្រឡាហោម ស ខេង បានបន្ថែមថា ក្នុងពេលដែលប្រទេសថៃធ្វើសកម្មភាពឈ្លានពានមកលើទឹកដីកម្ពុជា ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់ថ្នាក់ បានបំផុសចលនាប្រជាជនគ្រប់មជ្ឈដ្ឋាន ក្នុងស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច ចូលរួមពង្រឹងសាមគ្គីភាពជាតិក្នុងស្មារតី «ខ្មែរតែមួយ» ជុំវិញរាជរដ្ឋាភិបាល រួមគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ សកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងនូវឆន្ទៈ ស្មារតីសាមគ្គី និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ប្រជាជនកម្ពុជា រួបរួមគ្នាការពារទឹកដី និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល តែងតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិយ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងពង្រឹងស្ថិរភាពនយោបាយ។ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៦។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចក្រឡាហោម ស ខេង សង្ឃឹមយ៉ាងមុតមាំថា សមាជិក សមាជិកាទាំងអស់ នឹងបន្តពង្រឹងឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីបន្តទទួលបានជោគជ័យសម្រាប់គណបក្ស ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧នេះ៕















