គណៈកម្មការរៀបចំ៖ ដំណើរការប្រឡងវិញ្ញាសាសួរផ្ទាល់មាត់ សម្រាប់ក្រសួងផែនការ ចាប់ផ្តើមដំណើរការស្របតាមនិយាមនីតិវិធីប្រតិបត្តិ (SOP)
19-09-2026 15:34
(ភ្នំពេញ)៖ ចាប់ពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ លើវិញ្ញាសាសួរផ្ទាល់មាត់ បានចាប់ផ្តើមដំណើរការ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល។
បេក្ខជនឆ្នើមទាំង២៦រូប ដែលបានឆ្លងកាត់ការប្រឡងប្រជែង និងទទួលបានលទ្ធផលជោគជ័យលើវិញ្ញាសាសរសេរលើកទី១ ត្រូវបានបែងចែកជាពីរបន្ទប់ ដោយឡែកពីគ្នា ទៅតាមជំនាញឯកទេសរៀងៗខ្លួន ដោយក្នុងនោះមានបេក្ខជន ១៣រូប ក្នុងមួយបន្ទប់។
ការប្រឡងវិញ្ញាសាសួរផ្ទាល់មាត់នេះ ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ទៅតាមនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល (SOP) ដោយតម្រូវឱ្យបេក្ខជន ១រូប ចូលទៅឆ្លើយឆ្លងនូវរាល់សំណួរចោទសួរពីសាស្ត្រាចារ្យ ៣រូប។
គណៈកម្មការទាំង ៣រូប នឹងធ្វើមូលវិចារណ៍លើបុគ្គលិកលក្ខណៈ និងហេតុប្បទ្ទេសរបស់បេក្ខជន ពាក់ព័ន្ធនឹងជំនាញឯកទេសជ្រើសរើស, ចំណេះដឹងការងារកិច្ចការផែនការ និងទិន្នន័យស្ថិតិ, ចំណេះដឹងមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងសមត្ថភាពជាក់ស្តែងក្នុងការបំពេញការងារ ដោយប្រើពេលវេលា ២០នាទី ដូចៗគ្នា ប្រកបដោយភាពហ្មត់ចត់ តម្លាភាព និងយុត្តិធម៌បំផុត៕










