FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!» (Video inside)

19-09-2026 15:24

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញចំណាប់អារម្មណ៍ចំពោះអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Surachart Bamrunsuk ដែលជាអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ។ អត្ថបទនោះមានចំណងជើងថា «ស្កប់ចិត្ត តែនៅមិនឈ្នះ!» ដែលបានចុះផ្សាយនៅក្នុងកាសែតម៉ាទិឈុនប្រចាំសប្តាហ៍ (Matichon Weekly)។

សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការនៅលើបណ្តាញសង្គម ដើម្បីជាការជូនដំណឹង និងផ្តល់ការយល់ដឹងបន្ថែមដល់ប្រជាជន នៃប្រទេសទាំងពីរ គឺកម្ពុជា និងថៃ។ សម្តេចបានបញ្ជាក់ថា សម្តេចមិនធ្វើអត្ថាធិប្បាយបន្ថែមអ្វីទៅលើខ្លឹមសារនៃអត្ថបទនោះទេ ដោយទុកឱ្យប្រជាជនទាំងពីរពិចារណាដោយខ្លួនឯងទៅលើសំណេរដែលមានខ្លឹមសាររៀបរាប់ទាំងស្រុង។

ស្កប់ចិត្ត តែនៅមិនឈ្នះ!

ប្រធានបទជម្លោះរវាងប្រទេសថៃ និងកម្ពុជា នៅតែជាបញ្ហាដែលប្រជាជនក្នុងសង្គមថៃផ្តល់ការចាប់អារម្មណ៍ និងតាមដានយ៉ាងខ្លាំង ជាពិសេសនៅតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ព្រោះថាបញ្ហានេះគឺជារឿងដែលអាចដុះខាត់ និងលក់បាននៅតាមសាធារណៈ។ ហើយប្រធានបទក្តៅនាពេលនេះ គឺនៅជាមួយជម្លោះវិវាទព្រំដែនសមុទ្រ។

នៅក្នុងវេទិកាប្រជុំគណៈកម្មការផ្សះផ្សារដោយបង្ខំ(Compulsory Conciliation)នូវជម្លោះសមុទ្រ រវាងថៃ និងកម្ពុជា ដែលអាចហៅកាត់ថា «UNCLOS ថៃ-កម្ពុជា» លើកទី១ បានចាប់ផ្តើមឡើងនៅថ្ងៃទី១៤ ដល់ទី១៦ ខែកញ្ញា នៅសិង្ហបុរី បានធ្វើឱ្យវេទិកាប្រជុំនេះក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង។ មូលហេតុគឺដោយសាររឿងនេះគឺជាបញ្ហាសំខាន់មួយរបស់អាស៊ាន ហើយទស្សនៈរបស់គណៈកម្មការឈុតនេះនឹងមានអត្ថន័យសំខាន់ខ្លាំងចំពោះការដោះស្រាយបញ្ហាសមុទ្ររវាងថៃ និងកម្ពុជា ទោះបីជាមានការនិយាយលួងចិត្តខ្លួនឯងនៅភាគីថៃជានិច្ចថា ទស្សនៈនេះនឹងមិនចងកាតព្វកិច្ចផ្លូវច្បាប់មកលើប្រទេសថៃក៏ដោយ។

ថៃបើកវេទិកាដោយការជេរប្រមាទ
ការបើកវេទិកាប្រជុំលើកដំបូងនេះ គឺប្រៀបដូចជាការបង្ហាញឥរិយាបថឱ្យវេទិកាអន្តរជាតិបានឃើញ ឬយ៉ាងហោចណាស់ក៏ជាការបង្ហាញឱ្យឃើញពី «ឥរិយាបថ និងទិសដៅ» របស់ថ្នាក់ដឹកនាំនៃភាគីនីមួយៗក្នុងការដោះស្រាយបញ្ហា ដែលភាគីនីមួយៗត្រូវតែបង្កើតឱ្យមាន «រូបភាពល្អ» ក្នុងក្រសែភ្នែកគណៈកម្មការនៃការប្រជុំនេះ ក៏ដូចជាក្រសែភ្នែកប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។

សង្គមថៃប្រហែលជាត្រូវទទួលស្គាល់ថា ទស្សនៈរបស់វេទិកាអន្តរជាតិ និងវេទិកាក្នុងស្រុក គឺខុសគ្នាស្រឡះ។ ឧទាហរណ៍ នៅតាមវេទិកាអន្តរជាតិប្រហែលជាគេអាចមិនចាប់អារម្មណ៍លើព័ត៌មានលម្អិតនៃការប្រយុទ្ធគ្នា ដូចដែលតំណាងថៃបានថ្លែងនោះទេ ប៉ុន្តែគេចាប់អារម្មណ៍ថា តើដ្ឋភាគីជម្លោះនឹងអាចបញ្ចប់ការប្រយុទ្ធគ្នាដោយរបៀបណា? ឬមួយក៏វេទិកាអន្តរជាតិមិនចាប់អារម្មណ៍លើបញ្ហាដែលជានាមធម៌ ដូចជា «ភាពស្មោះត្រង់» នោះទេ ព្រោះក្នុងពេលអនុវត្តជាក់ស្តែង គ្មាននរណាម្នាក់អាចឆ្លើយបានថា រដ្ឋណាមួយមានភាពស្មោះត្រង់ជាងរដ្ឋណាមួយឡើយ។

ផ្ទុយទៅវិញ ពួកគេចាប់អារម្មណ៍ថា តើវាមានលទ្ធភាពកម្រិតណាដែលរដ្ឋគូជម្លោះនឹងស្វែងរកផ្លូវចេញរួមគ្នា ជាជាងការយកវេទិកានេះមកជាការជេរប្រមាថភាគីម្ខាងទៀត។ ការដែលត្រូវយករឿងនេះមកជាការសង្កេតបែបនេះ គឺដោយសារតែជំហាននៃការដោះស្រាយបញ្ហាក្នុងផ្នែកនៃការប្រជុំនេះ គួរតែហួសពីជំហាននៃការអង្គុយទម្លាក់កំហុស ឬជេរគ្នាទៅវិញទៅមកហើយ។ ការទៅបង្ហាញថាខ្លួនមានប្រាជ្ញាក្នុងការជេរប្រមាថនៅលើវេទិកាបែបនេះ មិនបានជួយឱ្យមានប្រៀបអ្វីឡើយ ប៉ុន្តែវាអាចធ្វើឱ្យមានគេឃើញរូបភាពត្រឡប់វិញ នោះគឺចរិយាសម្បត្តិ របស់អ្នកការទូតថៃ។

ប្រសិនបើការប្រជុំនៅលើវេទិកាអន្តរជាតិប្រើប្រាស់ការ «ជេរ» ជាឧបករណ៍ និងជាផលលទ្ធផលល្អដូចដែលរដ្ឋមន្ត្រីការបរទេសថៃបានសម្តែងនៅលើវេទិកា UNCLOS ហើយធ្វើឱ្យយើងមានប្រៀបជាងនៅលើតុចរចាបានពិតប្រាកដមែននោះ ការសិក្សាមុខវិជ្ជា «ការចរចាអន្តរជាតិ» នៅក្នុងដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ ក៏គួរតែឈប់បង្រៀនទៅ ហើយស្វែងរក «វាគ្មិនដែលមានមាត់ពូកែៗ» មកបង្រៀនជំនួសវិញ ដោយមិនចាំបាច់ផ្អែកលើគោលវិជ្ជាណាមួយឡើយ។

បញ្ហាប្រឈមមុខនឹងអន្ទាក់ជាតិនិយម
ស្របពេលជាមួយគ្នានេះ អ្នកនយោបាយដែលជារដ្ឋមន្ត្រីការបរទេសរូបនេះ ប្រហែលជានៅតែប្រកាន់ខ្ជាប់នូវគំនិតជាតិនិយមថៃតាំងពីឆ្នាំ ២០២៥ ដែលជឿដោយងាយថានិន្នាការជាតិនិយមនេះហើយនឹងជួយក្នុងការបង្កើតសំឡេងគាំទ្រផ្នែកនយោបាយដល់រដ្ឋាភិបាល ហើយថែមទាំងជួយបង្កើតរូបភាពដល់ខ្លួនឯងក្នុងនាមជា «រដ្ឋមន្ត្រីជាតិនិយម» ផងដែរ។

អ្នកនយោបាយដែលជារដ្ឋមន្ត្រីការបរទេសរូបនេះ ប្រហែលជាភ្លេចទៅថា លទ្ធិជាតិនិយមអាចជួយ ចិញ្ចឹមបន្ថែមកម្លាំងរដ្ឋាភិបាល ឬបន្តដង្ហើមនយោបាយរដ្ឋាភិបាលឈុតនេះបានក្នុងឆ្នាំ ២០២៥ ព្រោះមានស្ថានការណ៍ប្រយុទ្ធគ្នាជាឧបករណ៍ដុតបញ្ឆេះ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៦ គួរតែជាឆ្នាំនៃការដោះស្រាយបញ្ហា និងស្វែងរកផ្លូវឱ្យប្រទេសថៃផុតពី «អន្ទាក់សង្គ្រាមកម្ពុជា» ព្រោះសង្គ្រាមនេះ មិនបានបង្កើតផលតបស្នងជាយុទ្ធសាស្ត្រដល់ប្រទេសថៃឡើយ ហើយថែមទាំងផ្ដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចខាងក្នុងរបស់ថៃយ៉ាងខ្លាំងទៀតផង ដែលផលប៉ះពាល់បែបនេះ ភាគីជាតិនិយមអាចមិនទទួលស្គាល់ រួមទាំងរឿងនៃការបន្ធូរបន្ថយវិបត្តិ ពាណិជ្ជកម្មតាមព្រំដែន។

ផ្ទុយទៅវិញ អន្ទាក់ជាតិនិយមបែបឆ្នាំ ២០២៥ នៅតែមានច្រើននៅក្នុងប្រព័ន្ធគំនិតរបស់អ្នកនយោបាយថៃ ដែលជឿថាការ «ជេរប្រមាថ» នឹងក្លាយជាឧបករណ៍ក្នុងការបង្កើតរូបភាព ឯប្រព័ន្ធផ្សព្វផ្សាយថៃក៏នៅតែប្រកាន់ខ្ជាប់នឹងនិន្នាការជាតិនិយម រហូតភ្លេចចោទសួរថា ការសម្តែងចេញរបស់រដ្ឋមន្ត្រីការបរទេសថៃនៅលើវេទិកាប្រទេសសឹង្ហបុរី នឹងបង្កើតផលតបស្នងផ្នែកការទូតដល់ប្រទេសថៃ ឬគ្រាន់តែជាការទំនាក់ទំនងគ្នាឯងក្នុងចំណោមសង្គមខាងក្នុងរបស់ថៃ ដើម្បីផលប្រយោជន៍នយោបាយ មិនមែនជាការទំនាក់ទំនងជាមួយសង្គមខាងក្រៅនោះទេ។

រូបភាពប្រទេសថៃក្នុងក្រសែភ្នែកពិភពលោកក្នុងសភាពបែបនេះ ប្រព័ន្ធផ្សព្វផ្សាយហាក់ដូចជាភ្លេចសួរថា ការទំនាក់ទំនងបែប «ជេរកម្ពុជា» តើនឹងជួយបង្កើត «រូបភាព» របស់តំណាងថៃក្នុងក្រសែភ្នែកគណៈកម្មការផ្សះផ្សា ដែលត្រូវសម្រេចបញ្ហាជម្លោះ និងក្នុងទស្សនៈសង្គមអន្តរជាតិបានពិតប្រាកដដែរឬទេ?

ប៉ុន្តែអាចឆ្លើយបានម្យ៉ាងថា ជេរហើយ «ស្កប់ចិត្តមនុស្សក្នុងផ្ទះ»... ជេរហើយ ជួយបង្កើតនិន្នាការបែប «ត្រូវចិត្តមនុស្សក្នុងផ្ទះ» ប៉ុន្តែយើងអាចនឹងត្រូវសួរបន្ត ទៀតថា ចុះប្រទេសថៃនឹងទទួលបានផលតបស្នងអ្វីខ្លះក្នុងការធ្វើបែបនោះ? ព្រោះផលលទ្ធផលពិតប្រាកដគឺ ធ្វើឱ្យរូបភាពការទូតរបស់ថៃមើលទៅ «ធ្លាក់ចុះ» ជាងប្រទេសកម្ពុជាយ៉ាងខ្លាំង ដែលគ្មានផលល្អដល់ប្រទេសជាតិនោះឡើយ។

ទោះជាយ៉ាងណា ទំនាក់ទំនងតាមរយៈការ ជេរប្រមាថ មិនបានជួយគាំទ្រឱ្យកើតមានរូបភាពថា ថៃត្រូវបានកម្ពុជាធ្វើបាបនោះទេ ព្រោះឥរិយាបថថៃមានលក្ខណៈនិយាយបែប «ឈ្លានពាន» ចំណែកឯកម្ពុជាលេងតួអង្គនិយាយបែបស្រទន់ និងនិយាយចំគោលការណ៍។ រូបភាពដែលកើតឡើងគឺជួយបញ្ជាក់ថា ថៃគឺជា «ភាគីអ្នកធ្វើបាប» និងកម្ពុជាគឺជា «ភាគីអ្នករងគ្រោះ» ដែលជាការបញ្ជាក់ចេញពីឥរិយាបថរបស់ថៃផ្ទាល់។

ប្រសិនបើយើងចាប់អារម្មណ៍លើទិសដៅនៃការសម្តែងចេញនៅលើវេទិកាអន្តរជាតិ យើងអាចនឹងមានអារម្មណ៍ម្យ៉ាងថា ថៃលេងល្បែងបែបដើម. ថៃលេងល្បិចដើម ដូច្នេះភាគីកម្ពុជាគឺអាចប៉ាន់ស្មានបានមិនពិបាកឡើយថា រដ្ឋមន្ត្រីការបរទេសថៃនឹងនិយាយអ្វីខ្លះនៅប្រទេសសឹង្ហបុរី។ ហើយប្រសិនបើយើងតាមដានរឿងនេះជានិច្ចកាលតមក យើងនឹងឃើញថា ប្រធានបទនៃការបង្ហាញរបស់តំណាងភាគីថៃគឺគ្មានអ្វីក្រៅពីធ្លាប់បានសម្តែងចេញតាមប្រព័ន្ធផ្សព្វផ្សាយក្នុងផ្ទះតាមបែបបំផុសចលនាជាតិនិយមនោះទេ៕