លោក ចាយ បូរិន នាំយកអំណោយរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ដល់សិស្សដែលប្រឡងជាប់បាក់ឌុប នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ
19-09-2026 14:37
(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំទាំង៧ នៃស្រុកតំបែរ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះដែរ លោក ចាយ បូរិន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាល សម្តេច ព្រមទាំងលោកជំទាវបណ្ឌិត តែងតែគិតគូរយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស គ្រប់ពេលវេលា។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិស័យអប់រំគឺជាវិស័យអទិភាព ហើយក្មួយៗគឺជាទំពាំងស្នងឫស្សីដ៏មានសក្តានុពល និងគុណភាព ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន ស្របទៅនឹងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្ស ការយកចិត្តទុកដាក់របស់មាតាបិតា អាណាព្យាបាល និងការលះបង់របស់លោកគ្រូ-អ្នកគ្រូ ដែលជាកាតាលីករជំរុញឱ្យសិស្សានុសិស្សទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ក្រោមបាវចនា «អ្នកចេះគឺជាប់»។ ក្មួយៗសិស្សានុសិស្ស ជាយុវជនទំពាំងស្នឫស្សីសម័យសន្តិភាព សម្តេចតេជោ ហ៊ុន សែន ហើយបានបន្តមកសម័យអភិវឌ្ឍន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាមានសំណាងណាស់ ដែលមានឱកាសសិក្សារៀនសូត្រយ៉ាងទូលំទូលាយ ក្រោមម្លប់សន្តិភាព ដើម្បីប្រែក្លាយខ្លួនជាមូលធនមនុស្សប្រកបដោយចំណេះដឹងសម្រាប់អភិវឌ្ឍន៍ខ្លូន គ្រួសារ និងសង្គមជាតិទៅថ្ងៃអនាគត។
បន្ថែមពីលើនេះ រដ្ឋមន្ត្រី ចាយ បូរិន ក៏បានធ្វើការផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ល្អ គោរពច្បាប់ចរាចរណ៍ និងត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ។ ដោយឡែកសម្រាប់សិស្សានុសិស្សដែលត្រូវបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ត្រូវផ្លាស់ប្តូរឥរិយាបថនៃការសិក្សា ដោយត្រូវខិតខំបន្ថែមលើការរៀនសូត្រភាសាជាតិ ភាសាបរទេស ការស្រាវជ្រាវតាមប្រព័ន្ធព័ត៌មានវិទ្យា និងការរៀនទ្រឹស្តីគួបផ្សំនឹងការអនុវត្តជាក់ស្តែង ជាពិសេសការចាប់យកការសិក្សាលើមុខជំនាញ STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលានឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល។
នាឱកាសដ៏វិសេសវិសាលនោះដែរ រដ្ឋមន្រ្តី ក៏បានប្រគល់ជូននូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានថវិកានិងកុំព្យូទ័រយួរដៃចំនួន ៥គ្រឿង សម្រាប់សិស្សនិទ្ទេស (A) ចំនួន ៥នាក់ និងថវិកាសម្រាប់សិស្សដែលបានប្រឡងបាក់ឌុបទូទាំងស្រុកតំបែរ ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្សផងដែរ។
គួររំលេចផងដែរថា សម្រាប់សម័យប្រឡងឆ្នាំសិក្សា ២០២៥-២០២៦នេះ ស្រុកតំបែរ មានបេក្ខជនប្រឡងសរុបចំនួន ៧៤២នាក់ (ស្រី ៤៥០នាក់) ក្នុងនោះបេក្ខជនប្រឡងជាប់មានចំនួន ៧០៣នាក់ (ស្រី ៤៣៧នាក់) ដែលរួមមាន៖
និទ្ទេស A: ចំនួន ៥នាក់ (ស្រី ៣នាក់) និទ្ទេស B: ចំនួន ៣៤នាក់ (ស្រី ២០នាក់) និទ្ទេស C: ចំនួន ១៣១នាក់ (ស្រី ៨៣នាក់) និទ្ទេស D: ចំនួន ៣០៥នាក់ (ស្រី ២០២នាក់) និទ្ទេស E: ចំនួន ២២៨នាក់ (ស្រី ១២៩នាក់) ដោយឡែក សម្រាប់សិស្សានុសិស្សដែលប្រឡងមិនជាប់ (និទ្ទេស F) មានចំនួន ៣៩នាក់ (ស្រី ១៣នាក់) ក៏ទទួលបានការលើកទឹកចិត្ត និងការជំរុញឱ្យខិតខំបន្តការសិក្សានៅឆ្នាំបន្ទាប់ផងដែរ។
មុននឹងបញ្ចប់ រដ្ឋមន្រ្តី ចាយ បូរិន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស ដែលបានប្រឡងជាប់ដោយជោគជ័យ និងជូនពរដល់អង្គពិធីទាំងមូល សូមប្រកបដោយឧត្តមពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយទៅជាបការៈដទៃឡើយ៕




























