គណៈកម្មការសំណេរអង្គរ អំពាវនាវរកអ្នកស្ម័គ្រចិត្តមានសំឡេងល្អ ដើម្បីចូលរួមអានក្នុងកម្មវិធី «សំណេរអង្គរ» លើកទី៤
19-09-2026 14:30
(ភ្នំពេញ)៖ លោក លឹម ប៊ុនហុក ស្ថាបនិកកម្មវិធី «សំណេរអង្គរ» បានអំពាវនាវដល់សាធារណជនទាំងស្ត្រី និងបុរស ដែលមានសំឡេងល្អ អានច្បាស់ ពិរោះ និងមានទឹកដម សូមចូលរួមស្ម័គ្រចិត្តជាមួយក្រុមការងារ ដើម្បីចូលរួមអានក្នុងកម្មវិធី «សំណេរអង្គរ» លើកទី៤ ដែលនឹងរៀបចំឡើងនៅខេត្តសៀមរាប។ ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំកម្មវិធី «សំណេរអង្គរ» លើកទី៤ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
លោក លឹម ប៊ុនហុក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រហូតមកដល់ពេលនេះ យើងមិនទាន់ដឹងថា អ្នកណាអាននៅឡើយទេ។ ដូច្នេះ គណៈកម្មការសំណេរអង្គរ សូមអំពាវនាវដល់អ្នកដែលមានសំឡេងល្អ មិនថាស្រី មិនថាប្រុស សូមមេត្តាទាក់ទងមកក្រុមការងារសំណេរអង្គរ ដើម្បីស្ម័គ្រចិត្ត។ ក្រុមការងារសំណេរអង្គរទាំងអស់ សុទ្ធតែជាអ្នកស្ម័គ្រចិត្តទាំងអស់»។
ក្នុងន័យនេះ លោកបានបញ្ជាក់បន្ថែមថា អ្នកដែលមានបំណងចូលរួម គួរមានសំឡេងអានច្បាស់ ពិរោះ និងមានទឹកដម។ ក្រុមការងារនឹងធ្វើការបង្ហាត់បង្រៀន និងណែនាំអំពីរបៀបអាន ដើម្បីធានាថា ការអានក្នុងកម្មវិធីមានភាពច្បាស់លាស់ និងងាយស្រួលសម្រាប់បេក្ខជនស្តាប់ និងសរសេរ។
បើតាមការបញ្ជាក់របស់ស្ថាបនិកកម្មវិធី «សំណេរអង្គរ» ក្រុមការងារសំណេរអង្គរទាំងអស់ គឺជាអ្នកស្ម័គ្រចិត្ត ដូច្នេះការចូលរួមជាអ្នកអាន ក៏ជាការចូលរួមដោយស្ម័គ្រចិត្តផងដែរ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការប្រើប្រាស់ និងការថែរក្សាអក្សរខ្មែរ។
សូមជម្រាបថា ព្រឹត្តិការណ៍ «សំណេរអង្គរ» លើកទី៤ នឹងរៀបចំឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៧ នៅស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដដែល ដោយការប្រឡងមានរយៈពេល ១ម៉ោង។
សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធី «សំណេរអង្គរ» លើកទី៤ នឹងចាប់ផ្តើមទទួលការចុះឈ្មោះពីបេក្ខជននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ហើយក្រុមអ្នករៀបចំបានកំណត់ចំនួនបេក្ខជនត្រឹម ២,០០០អង្គ/នាក់៕







