FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់គ្រួសារខ្វះខាតនៅខេត្តកំពង់ស្ពឺ

19-09-2026 14:17

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១គ្រួសារ ស្ថិតនៅភូមិព្រៃក្ដី ឃុំហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោលបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមជាមួយក្រុមការងារអមដំណើរ ដែលមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានសំណេះសំណាលជាមួយគ្រួសារអ្នកស្រី យួន ចន្រ្ទា ស្រី អាយុ៣៤ឆ្នាំ ដោយក្ដីអាណិតអាសូរ និងបានឧបត្ថម្ភជាថវិកាចំនួន ២០០,០០០រៀល ព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន អង្ករ២បាវ ទឹកសុទ្ធ២កេស ភេសជ្ជៈ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១យួរ ដែលសរុបជាថវិកាស្មើនឹង ៤១០,០០០រៀល។

គួររំលឹកផងដែរថា ក្រោមស្មារតីមនុស្សធម៌ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន តែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន និងធ្វើការចែករំលែកស្បៀងអាហារ សម្លៀកបំពាក់ ធ្វើទីជម្រកសមរម្យ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដល់ប្រជាពលរដ្ឋគ្រួសារណាដែលមានជីវភាពខ្វះខាត និងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងតាមបណ្ដាខេត្តផ្សេងៗទៀត។

សកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីក្ដីមេត្តាករុណា និងសាមគ្គីភាពក្នុងសង្គម ពិសេសបានបណ្ដុះស្មារតីសាមគ្គីភាព និងសេចក្ដីស្រឡាញ់រវាងមនុស្សជាតិថែមទៀតផង៕