មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញសិស្សានុសិស្សឲ្យបន្តខិតខំរៀនសូត្រ និងក្លាយជាពលរដ្ឋល្អ ព្រមទាំងអំពាវនាវដល់អាណាព្យាបាល គាំទ្រការសិក្សារបស់កូន
19-09-2026 12:24
(ភ្នំពេញ)៖ លោក ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ឲ្យបន្តការខិតខំប្រឹងប្រែងរៀនសូត្រ គោរពវិន័យ និងបណ្ដុះគំនិតឲ្យប្រែក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឡោ ឆវណ្ណា អញ្ជើញចូលរួម ក្នុងពិធីបិទបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ និងបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ និងប្រគល់បណ្ណសរសើរ ព្រមទាំងបំពាក់មេដាយជូនសិស្សជ័យលាភី នៃសាលាអន្តរជាតិ ប៉េកាំង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។
លោក ឡោ ឆវណ្ណា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្មួយសិស្សានុសិស្សទាំងអស់ សូមបន្ដការខិតខំប្រឹងប្រែងបន្ដទៀត និងការគោរពនូវវិន័យ និងខិតខំឲ្យអស់ពីសមត្ថភាព និងបណ្ដុះចិត្ដឲ្យប្រែក្លាយ ទៅជាកូនល្អ សិស្សល្អ មិត្ដល្អ និងពលរដ្ឋល្អ [...] សូមអាណាព្យាបាល និងមាតាបិតាទាំងអស់ ជំរុញការគាំទ្រ និងផ្ដល់ឱកាសដល់កូនៗ»។
លោកបានសង្កត់ធ្ងន់ថា ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គឺជាគន្លឹះដ៏សំខាន់សម្រាប់អនាគតរបស់សិស្សម្នាក់ៗ ក៏ដូចជាការរួមចំណែក ដល់ការអភិវឌ្ឍសង្គមជាតិទាំងមូល។ លោកក៏បានលើកទឹកចិត្ត ឲ្យសិស្សានុសិស្សយកចិត្តទុកដាក់ លើការកសាងសីលធម៌ និងគុណធម៌ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព និងសីលធម៌ខ្ពស់។
លោក ឡោ ឆវណ្ណា ក៏បានអំពាវនាវដល់អាណាព្យាបាល និងមាតាបិតាទាំងអស់ ឲ្យបន្តជំរុញការគាំទ្រ និងផ្ដល់ឱកាសដល់កូនៗ ក្នុងការខិតខំរៀនសូត្រ និងបានបន្តការសិក្សា រហូតដល់ចប់ចុងចប់ដើម។ ការគាំទ្រពីក្រុមគ្រួសារ គឺជាកម្លាំងចលករដ៏ធំធេង ដែលអាចជួយឲ្យកូនៗមានកម្លាំងចិត្ត និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការសម្រេចក្ដីស្រមៃផ្នែកអប់រំ របស់ពួកគេ។
ជាមួយគ្នានេះ លោកបានបញ្ជាក់ថា នៅថ្ងៃអនាគត សិស្សានុសិស្សទាំងនេះ នឹងក្លាយទៅជាអ្នកដឹកនាំ អ្នកសេដ្ឋកិច្ច អ្នកសហគ្រិន និងជាអ្នករៀបចំគោលនយោបាយ ដែលនឹងដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ ប្រែក្លាយកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
ក្នុងឱកាសនោះ លោក ឡោ ឆវណ្ណា ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់សាលាអន្តរជាតិ ប៉េកាំង ចំពោះការប្ដេជ្ញាចិត្ត សហការល្អ និងការចូលរួមអភិវឌ្ឍន៍ ព្រមទាំងលើកកម្ពស់គុណភាពអប់រំ នៅក្នុងប្រទេសកម្ពុជា។
លោកបានបន្ថែមថា កិច្ចសហការរវាងវិស័យឯកជន និងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាសាកលវិទ្យាល័យផ្សេងៗ គឺជាគន្លឹះដ៏សំខាន់ ក្នុងការបង្ហាញអំពីសក្ដានុពល ពិតប្រាកដរបស់កុមារ និងយុវជនកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។
លោកស្រី ហ្វឹង គូហុង តំណាងឱ្យអគ្គនាយក សាលាប៉វិន ទីក្រុងប៉េកាំង ប្រទេសចិន បានលើកឡើងថា កម្ពុជា និងចិន គឺជាមិត្តដែកថែប ដែលមានមិត្តភាព ជាប្រពៃណីតាំងពីបុរាណកាលមក។ ប្រទេសទាំងពីរ មានទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានការផ្សារភ្ជាប់គ្នាផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ និងប្រជាជន។
បន្ថែមពីនោះទៀត លោកស្រី ហ្វឹង គូហុង បានគូសបញ្ជាក់ថា ការអប់រំគឺជាស្ពានដ៏រឹងមាំបំផុត សម្រាប់ការតភ្ជាប់ដួងចិត្តរបស់ប្រជាជន ហើយយុវជន គឺជាអ្នកបន្តវេនមិត្តភាព និងជាក្តីសង្ឃឹមរបស់ប្រទេសទាំងពីរ។
នៅថ្ងៃនេះ សាលាអន្តរជាតិប៉េកាំង (BIA) និងសាលាប៉វិន នៃទីក្រុងប៉េកាំង ក៏បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាផងដែរ។
សូមជម្រាបថា សាលាអន្តរជាតិប៉េកាំង ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១១ និងបានអភិវឌ្ឍឥតឈប់ឈរ ជាគ្រឹះស្ថានអប់រំចំណេះទូទៅបីភាសា ដែលមានចក្ខុវិស័យវែងឆ្ងាយ និងផ្តោតសំខាន់លើវិន័យ សីលធម៌ ចំណេះដឹង ភាពម្ចាស់ការ ការទទួលខុសត្រូវ និងគំនិតច្នៃប្រឌិត។
បច្ចុប្បន្ន សាលាអន្តរជាតិ ប៉េកាំង ផ្តល់ការអប់រំ និងបណ្តុះបណ្តាលលើកម្មវិធីចំណេះទូទៅបីភាសា រួមមាន៖ ភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេស ព្រមទាំងកម្មវិធីសិក្សាភាសាចិន ក្រៅម៉ោង ដែលមានវគ្គសិក្សាពីថ្ងៃចន្ទដល់ថ្ងៃសុក្រ និងវគ្គសិក្សានៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕



















