FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជួបសំណេះសំណាល និងជូនដំណើរសិក្ខាកាមជំនាន់ទី៤៧ ត្រឡប់ទៅសាលាហ្វឹកហ្វឺនភ្នំជុំសែនរីករាយ

19-09-2026 11:51

(កំពង់ស្ពឺ)៖ ដោយបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាល និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ព្រមទាំងជូនដំណើរសិក្ខាកាមជំនាន់ទី៤៧ ដែលនឹងវិលទៅសាលាហ្វឹកហ្វឺនភ្នំជុំសែនរីករាយ។

ថ្លែងក្នុងពិធីនាពេលនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានផ្តាំផ្ញើដល់យោធិននៃកងរាជអាវុធហត្ថទាំងអស់ ត្រូវតស៊ូអត់ធ្មត់ ព្យាយាមហ្វឹកហ្វឺនរៀនសូត្រ និងគោរពបទបញ្ជាផ្ទៃក្នុងសាលាឱ្យបានល្អប្រសើរ។

លោកមេបញ្ជាការបានបញ្ជាក់បន្ថែមថា ដើម្បីក្លាយជាកងកម្លាំងប្រកបដោយគុណភាព និងសមត្ថភាព សាមីខ្លួនម្នាក់ៗត្រូវខិតខំប្រឹងប្រែងដុសខាត់សមត្ថភាព និងជំនាញឱ្យបានខ្លាំងក្លា ដើម្បីក្លាយជាធនធានដ៏ល្អសម្រាប់បម្រើដល់សង្គមជាតិរបស់យើង។

ពិធីនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ចំពោះការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ដើម្បីរួមចំណែកដល់ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍប្រទេសជាតិ៕