រដ្ឋមន្ត្រី ហួត ហាក់៖ ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ជាការងារអាទិភាព ដើម្បីធានាគុណភាពសេវាកម្ម និងភាពទាក់ទាញដល់ភ្ញៀវទេសចរ
19-09-2026 11:16
(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ គឺជាការងារអាទិភាពដ៏សំខាន់ ដែលតម្រូវឱ្យក្រសួងទេសចរណ៍យកចិត្តទុកដាក់ខ្ពស់លើគុណវុឌ្ឍិ សមត្ថភាព ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ និងផលិតភាព ដើម្បីធានាការផ្តល់សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់ ផ្តល់ភាពកក់ក្តៅ និងភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។
លោក ហួត ហាក់ លើកឡើងបែបនេះ ក្នុងពិធីបិទ «កម្មវិធីហាត់ការវិជ្ជាជីវៈតាមមូលដ្ឋានអាជីវកម្ម សម្រាប់ខេត្តគោលដៅរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ» ដែលធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។
កម្មវិធីហាត់ការវិជ្ជាជីវៈតាមមូលដ្ឋានអាជីវកម្មនេះ មានគោលបំណងនាំគ្រូបង្គោល និងអ្នកបណ្តុះបណ្តាលតាមបណ្តាខេត្តគោលដៅរបស់គម្រោង ទៅទទួលបទពិសោធការងារជាក់ស្តែងនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានស្តង់ដារ ដើម្បីពង្រឹងជំនាញ និងធ្វើឱ្យការបណ្តុះបណ្តាលហូកា (HoKa) កាន់តែមានភាពជាក់ស្តែង និងឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម។
ពិធីនេះមានការចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប, លោក François Schnoebelen នាយកសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល, លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃអង្គការស្វីសខន់ថាក់, លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍ខេត្តគោលដៅ, លោក លោកស្រី តំណាងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍, គ្រូបង្គោលអាស៊ាន និងអ្នកវាយតម្លៃបង្គោលអាស៊ាន, តំណាងសមាគមឧស្សាហកម្មទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ ព្រមទាំងសិក្ខាកាមប្រមាណ ៣០០នាក់។
ក្នុងឱកាសនោះ លោក ហួត ហាក់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តសៀមរាប គណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ អង្គការស្វីសខន់ថាក់ លោក François Schnoebelen និងសហការី តំណាងក្លឹបទេសចរណ៍ខេត្តសៀមរាប ព្រមទាំងតំណាងម្ចាស់មូលដ្ឋានអាជីវកម្មទាំង ១៨ទីតាំង ដែលបានសហការយ៉ាងល្អក្នុងការរៀបចំកម្មវិធី និងបន្តធ្វើជាដៃគូសំខាន់របស់ក្រសួងទេសចរណ៍ ក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ស្របតាមស្តង់ដាអាស៊ាន។
លោករដ្ឋមន្ត្រីបានគូសរំលេចថា បទពិសោធ និងការចែករំលែករបស់វាគ្មិន បានបង្ហាញពីសារៈសំខាន់នៃការរៀនសូត្រដែលត្រូវផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងនៅនឹងកន្លែង ព្រមទាំងកិច្ចសហការរវាងស្ថាប័នបណ្តុះបណ្តាល និងវិស័យឯកជន ក្នុងការពង្រឹងសមត្ថភាពគ្រូបង្គោល និងអ្នកជំនាញទេសចរណ៍។
លោកបន្តថា តាមរយៈការហាត់ការផ្ទាល់ សិក្ខាកាមបានទទួលការបង្ហាត់បង្ហាញ ការណែនាំ និងការតម្រង់ទិសពីអ្នកជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីពង្រឹងចំណេះដឹង ជំនាញបច្ចេកទេស និងឥរិយាបថវិជ្ជាជីវៈ ស្របតាមស្តង់ដាឧស្សាហកម្មទេសចរណ៍។
ជាមួយគ្នានេះ លោក ហួត ហាក់ បានឱ្យដឹងថា ក្រសួងទេសចរណ៍កំពុងជំរុញការភ្ជាប់កម្មវិធីបណ្តុះបណ្តាល HoKa ទៅនឹងក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (National Qualifications) ដើម្បីឱ្យជំនាញ និងបទពិសោធការងារទទួលបានការទទួលស្គាល់ជាផ្លូវការ និងបង្កើតគន្លងអាជីពកាន់តែច្បាស់លាស់។
លោកបានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តពង្រឹងកិច្ចសហការ ដើម្បីធានាថាការអភិវឌ្ឍជំនាញឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ស្របតាមទស្សនទាន «ពីជំនាញ ទៅសមត្ថភាព» «ពីសមត្ថភាព ទៅគុណវុឌ្ឍិ» និង «ពីគុណវុឌ្ឍិ ទៅអាជីព»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ គណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយអង្គការស្វីសខន់ថាក់ បានបណ្តុះបណ្តាលដល់យុវជនក្រីក្រ ងាយរងគ្រោះ អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងក្នុងសេវាកម្មបដិសណ្ឋារកិច្ចជាង ៨,០០០នាក់។
ចាប់ពីឆ្នាំ២០១៨មក កម្មវិធីបានអនុវត្តការបណ្តុះបណ្តាលលើជំនាញការិយាល័យជួរមុខ គេហកិច្ច ចុងភៅ និងជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដល់សិក្ខាកាមសរុប ១១៩នាក់ ព្រមទាំងបានអនុវត្តយន្តការវាយតម្លៃ និងទទួលស្គាល់ការសិក្សាពីមុន (RPL) ដល់អ្នកជំនាញទេសចរណ៍ប្រមាណ ២,២០០នាក់។
ជាមួយគ្នានេះ ក្រសួងក៏បានវាយតម្លៃ និងទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពចំនួន ៤ទីតាំង ក្នុងនោះមានមជ្ឈមណ្ឌលវាយតម្លៃប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាបផងដែរ៕










