ក្រសួងទេសចរណ៍ ជ្រើសរើសបុគ្គលិកស្ម័គ្រចិត្ត ៨រូប ចូលបម្រើការងារនៅសាលាវិជ្ជាជីវៈទេសចរណ៍រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ
19-09-2026 11:14
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ប្រកាសជ្រើសរើសបុគ្គលិកស្ម័គ្រចិត្តចំនួន ៨រូប ដើម្បីចូលបម្រើការងារនៅសាលាវិជ្ជាជីវៈទេសចរណ៍រាជធានីភ្នំពេញចំនួន ៤រូប និងសាលាវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុចំនួន ៤រូប។
យោងតាមសេចក្ដីជូនដំណឹងដែល Fresh News ទទួលបាន ការជ្រើសរើសនេះ ក្នុងគោលបំណងចូលរួមលើកកម្ពស់ការកសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ ព្រមទាំងផ្តល់ឱកាសដល់យុវជនទទួលបានចំណេះដឹង ជំនាញ និងបទពិសោធការងារជាក់ស្តែងក្នុងវិស័យទេសចរណ៍។
*លក្ខខណ្ឌជ្រើសរើស៖
* មានសញ្ជាតិខ្មែរ និងមានអាយុពី ១៨ ដល់ ៣៥ឆ្នាំ
* កំពុងសិក្សាថ្នាក់បរិញ្ញាបត្រចាប់ពីឆ្នាំទី២ឡើងទៅ លើជំនាញរដ្ឋបាលសាធារណៈ ព័ត៌មានវិទ្យា ឬជំនាញប្រហាក់ប្រហែល ឬទើបបញ្ចប់ការសិក្សា
* ចេះប្រើប្រាស់កុំព្យូទ័រ Microsoft Office និងប្រព័ន្ធបណ្តាញសង្គម
* មានចំណេះដឹងភាសាអង់គ្លេស ឬភាសាបរទេសផ្សេងទៀត អាចទំនាក់ទំនងបាន
* មានភាពអត់ធ្មត់ ឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់
* អាចធ្វើការងារជាក្រុម មានទំនាក់ទំនងល្អ និងរួសរាយរាក់ទាក់
* មានការតាំងចិត្តខ្ពស់ក្នុងការរៀនសូត្រការងារ គោរពពេលវេលា និងបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព។
*តួនាទី និងភារកិច្ច៖
ទី១៖ បុគ្គលិកស្ម័គ្រចិត្តជំនាញរដ្ឋបាលសាធារណៈ
* ទទួលស្វាគមន៍ និងសម្របសម្រួលភ្ញៀវដែលមកទស្សនកិច្ចនៅសាលា
* រៀបចំ និងចរាចរលិខិតរដ្ឋបាល ព្រមទាំងចុះលេខ និងទុកដាក់ឯកសារ
* ផ្តល់ព័ត៌មាន និងជួយសម្របសម្រួលការចុះឈ្មោះចូលរៀន
* ជួយការងារផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល និងកម្មវិធីនានារបស់សាលា
* សហការរៀបចំសិក្ខាសាលា កិច្ចប្រជុំ វគ្គបណ្តុះបណ្តាល និងព្រឹត្តិការណ៍ផ្សេងៗ
* បំពេញភារកិច្ចផ្សេងទៀតតាមការចាំបាច់។
ទី២៖ បុគ្គលិកស្ម័គ្រចិត្តជំនាញព័ត៌មានវិទ្យា
* ចូលរួមធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងសាលាតាមអនឡាញ
* សហការរៀបចំ Software/App សម្រាប់ការចុះឈ្មោះសិស្ស និងការបណ្តុះបណ្តាល
* រៀបចំ Poster សម្រាប់ផ្សព្វផ្សាយសកម្មភាពរបស់សាលា
* ប្រមូល និងបញ្ចូលទិន្នន័យពាក់ព័ន្ធនឹងវគ្គបណ្តុះបណ្តាល និងកម្មវិធីនានា
* ជួយគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ Wi-Fi និងកាមេរ៉ាសុវត្ថិភាព
* ពិនិត្យ និងតាមដានព័ត៌មាន និងការផ្សព្វផ្សាយរបស់សាលាតាមបណ្តាញសង្គម
* បំពេញភារកិច្ចផ្សេងទៀតតាមការចាំបាច់។
*អត្ថប្រយោជន៍៖
បេក្ខជនដែលត្រូវបានជ្រើសរើស នឹងទទួលបានលិខិតបញ្ជាក់បទពិសោធការងារពីក្រសួងទេសចរណ៍ ទទួលបានការពង្រឹងចំណេះដឹង សមត្ថភាពវិជ្ជាជីវៈ ជំនាញការងារ និងបទពិសោធក្នុងវិស័យទេសចរណ៍ ព្រមទាំងមានឱកាសចូលរួមបណ្តុះបណ្តាលជំនាញបន្ថែម។
*សំណុំឯកសារដែលត្រូវភ្ជាប់៖
* ពាក្យស្នើសុំ
* ជីវប្រវត្តិសង្ខេបមានបិទរូបថតថ្មីទំហំ ៤x៦
* លិខិតបញ្ជាក់ការសិក្សា
* សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ការជ្រើសរើសនឹងធ្វើឡើងតាមរយៈការពិនិត្យ និងវាយតម្លៃលើសំណុំឯកសារ ព្រមទាំងការសម្ភាសផ្ទាល់។
ការបំពេញការងារមានរយៈពេលចាប់ពី ៣ខែឡើងទៅ ហើយបេក្ខជនដែលមានពិការភាពត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០នាទីល្ងាច៕


