FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតកូរ៉េខាងត្បូង​ ប្រចាំកម្ពុជា រៀបចំកម្មវិធីសម្តែងសិល្បៈវប្បធម៌កូរ៉េ បង្ហាញពីភាពច្នៃប្រឌិតថ្មី និងពង្រឹងចំណងមិត្តភាពកម្ពុជា-កូរ៉េ

19-09-2026 10:52

(ភ្នំពេញ)៖ ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីសម្តែងសិល្បៈវប្បធម៌កូរ៉េ ដើម្បីបង្ហាញពីភាពច្នៃប្រឌិតថ្មី និងពង្រឹងចំណងមិត្តភាពកម្ពុជា-កូរ៉េ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនាសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោក គីម ឆាងយ៉ុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានគាំទ្រឱ្យកម្មវិធីសម្តែងសិល្បៈវប្បធម៌កូរ៉េនាថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នាសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយជោគជ័យ។

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់ ការជួយសម្រួល ក្នុងការរៀបចំឱ្យយើងអាចប្រើប្រាស់សាលសន្និសីទចតុមុខ ដ៏ស្រស់ ស្អាត និងមាន ប្រវត្តិសាស្ត្រដ៏យូរលង់នេះ ព្រមទាំងបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការ រៀបចំព្រឹត្តិការណ៍ នេះឡើង។

លោកបានលើកឡើងថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ស្ថានទូតកូរ៉េបាននាំយកទស្សនីយភាពផ្សេងៗនៃវប្បធម៌កូរ៉េ មកបង្ហាញជូនដល់ទស្សនិកជនកម្ពុជា តាមរយៈកម្មវិធីវប្បធម៌នានា ដូចជាការសម្តែងតេក្វាន់ដូ និងការសម្តែងតន្ត្រីប្រពៃណីកូរ៉េជាដើម។ «សម្រាប់ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ យើងសូមនាំយកនូវទស្សនីយភាពវប្បធម៌ក្នុងទម្រង់បែបថ្មី មួយផ្សេង ទៀត ជូនដល់ទស្សនិកជនដើម្បីទស្សនាកម្សាន្ត។ ការសម្តែងនៅថ្ងៃនេះ រួមមាន៖ សិល្បៈវេទមន្ត ការរាំបែប Breakdance រួមទាំងតន្ត្រី តាមរបៀបថ្មីប្រកបដោយភាពច្នៃប្រឌិត និងប្លែកពីគេ»

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា សិល្បៈនីមួយៗ សុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ក៏ប៉ុន្តែនៅពេលដែលទម្រង់សិល្បៈទាំងនេះ ត្រូវបានបញ្ចូលគ្នាជាធ្លុងមួយ នោះនឹងបង្កើតបានជាបទពិសោធន៍រួមមួយដ៏ថ្មីស្រឡាង ដែល សិល្បៈ នីមួយៗមិនអាចបង្កើតបទពិសោធន៍នេះបានដោយឯកឯងនោះឡើយ។

លោកមានជំនឿយ៉ាងមុតមាំថា នេះគឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ អំពីតម្លៃនៃការផ្លាស់ប្តូរវប្បធម៌។ នៅពេលដែលវប្បធម៌ និងទស្សនៈផ្សេងៗគ្នាត្រូវបានប្រមូលផ្តុំរួមបញ្ចូលគ្នា នោះនឹងបង្កើតបាននូវ សមិទ្ធផលថ្មី ប្រកបដោយអត្ថន័យជ្រាលជ្រៅបំផុត ដែលវប្បធម៌ ឬទស្សនៈតែមួយមិនអាចបង្កើត សមិទ្ធផលនេះឡើងមកបានដោយឯកឯងឡើយ។

បន្ថែមពីនេះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា នៅឆ្នាំក្រោយនេះ ទំនាក់ទំនងការទូតរវាងកូរ៉េ និងកម្ពុជា នឹងឈានចូលដល់ទំព័រប្រវត្តិសាស្ត្រដ៏មាន អត្ថន័យមួយទៀត គឺការអបអរសាទរខួបលើកទី ៣០ នៃការតភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ។ លោកមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ការសម្តែងសិល្បៈវប្បធម៌នាថ្ងៃនេះនឹងក្លាយជាកាលានុវត្តភាព ដ៏ថ្លៃថ្លាមួយបន្ថែមទៀត ក្នុងការអបអរសាទរចំណងមិត្តភាពដ៏យូរអង្វែង និងរឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកបង្កើតនូវអនុស្សាវរីយ៍ និងផ្សារភ្ជាប់ទំនាក់ទំនងថ្មីៗបន្ថែមទៀត តាមរយៈវិស័យវប្បធម៌៕