FASMEC រៀបចំសិក្ខាសាលាស្តីពីការត្រៀមខ្លួនទទួលបានហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍអាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល នៅខេត្តកំពត
19-09-2026 09:57
(កំពត)៖ នាថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានរៀបចំសិក្ខាសាលាស្តីពី «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តម មឿង គង្គា អភិបាលរង នៃគណៈអភិបាលខេត្តកំពត និងដឹកនាំរៀបចំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC។
សិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (MSMEs) ឱ្យយល់ដឹងកាន់តែច្បាស់ពីនីតិវិធីនៃការទទួលបានប្រាក់កម្ចី និងហិរញ្ញប្បទានពីធនាគារដៃគូ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីពង្រីក និងអភិវឌ្ឍអាជីវកម្ម។ ជាមួយគ្នានេះ កម្មវិធីក៏មានគោលបំណងផ្តល់ចំណេះដឹងជាក់ស្តែងដល់ម្ចាស់សហគ្រាស ក្នុងការត្រៀមខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងបង្កើនការយល់ដឹងអំពីបទប្បញ្ញត្តិ និងច្បាប់ពាក់ព័ន្ធនានា។ លើសពីនេះ ក៏មានការប្រមូលផ្តុំនូវបញ្ហាប្រឈមជាក់ស្តែងរបស់អាជីវកម្ម ដើម្បីស្វែងរកដំណោះស្រាយ និងការគាំទ្រពីស្ថាប័នរដ្ឋ និងឯកជន។
ថ្លែងនៅក្នុងពិធីនោះ ឧកញ៉ា តែ តាំងប៉ បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមត្រូវការជាចាំបាច់នូវចំណេះដឹងថ្មីៗ និងធនធានហិរញ្ញវត្ថុ ដើម្បីជំរុញការរីកចម្រើនអាជីវកម្ម និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឧកញ៉ា តែ តាំងប៉ ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពត តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រសួងពាណិជ្ជកម្ម, តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ និងដៃគូសហការឧបត្ថម្ភ ដែលបានចូលរួមគាំទ្រឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយជោគជ័យ។
ដៃគូសហការឧបត្ថម្ភរួមមាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ធនាគារ SME Bank, ធនាគារ កាណាឌីយ៉ា, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ក្រុមហ៊ុនផលិតចំណីសត្វ ANT FEED, ក្រុមហ៊ុន SCE CONSTRUCTION, អ៊ឹង មុយគៀង អលង្ការពេជ្រ, ក្រុមហ៊ុន ខ្មែរមីលឃីហ្វូដ, ក្រុមហ៊ុន KH Haitech-Haier Global Business, Vattanac Brewery និងក្រុមហ៊ុន Hitech។
កម្មវិធីសិក្ខាសាលានេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានហិរញ្ញវត្ថុ និងម្ចាស់សហគ្រាសប្រមាណ ១៥០រូប ដើម្បីចូលរួមផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងស្វែងរកឱកាសហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍអាជីវកម្ម៕










