FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សួន សិរីរដ្ឋា៖ កម្ពុជាត្រូវការ «ការទូតព័ត៌មាន» ដ៏រឹងមាំ ដើម្បីទប់ទល់ការបំភ្លៃការពិត និងលើកកម្ពស់កិត្យានុភាពជាតិ

19-09-2026 07:52

(ភ្នំពេញ)៖ លោក សួន សិរីរដ្ឋា អតីតមេបក្សប្រឆាំងនឹងរាជរដ្ឋាភិបាល បានលើកឡើងពីសារៈសំខាន់ជាចាំបាច់នៃ «ការទូតព័ត៌មាន» ដ៏ខ្លាំងក្លាមួយសម្រាប់កម្ពុជា ដើម្បីជួយជំរុញការទូតនយោបាយ និងការទូតការពារជាតិរបស់រាជរដ្ឋាភិបាល។ ការលើកឡើងនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយរូបភាព ខ្លឹមសារ ស្មារតី និងការឆ្លើយតបរបស់រាជរដ្ឋាភិបាលទៅបណ្ដាសារព័ត៌មានអន្តរជាតិឲ្យបានទាន់ហេតុការណ៍ និងព្រឹត្តិការណ៍នានា។

លោក សួន សិរីរដ្ឋា បានសង្កត់ធ្ងន់ថា ការទូតព័ត៌មានដ៏រឹងមាំនេះ នឹងជួយឲ្យបណ្ដាញសារព័ត៌មានអន្តរជាតិអាចចាប់យកព័ត៌មានពិតទៅផ្សព្វផ្សាយ ប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ទល់ជាមួយការបំភ្លៃការពិតរបស់ប្រទេសជិតខាង ជាពិសេសអំពីបញ្ហាព្រំដែនជាមួយកម្ពុជា និងការឈ្លានពានអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា។ លោកបានទទួលស្គាល់ថា បច្ចុប្បន្ន «ការទូតព័ត៌មាន» របស់កម្ពុជានៅមានភាពខ្សោយ ដោយសារមិនទាន់មានក្រុមការងារទំនាក់ទំនង និងឆ្លើយឆ្លងជាមួយបណ្ដាញសារព័ត៌មានអន្តរជាតិដែលមានសមត្ថភាពច្បាស់លាស់ និងមានឥទ្ធិពលគ្រប់គ្រាន់។

ជាក់ស្ដែង រូបភាពដែលបានផ្សព្វផ្សាយកន្លងមកលើទំព័រសារព័ត៌មានអន្តរជាតិស្ដីពីជម្លោះព្រំដែន និងសង្គ្រាមកម្ពុជា-ថៃ ភាគច្រើនត្រូវបានដកស្រង់ចេញពីប្រភពខាងប្រទេសថៃ។ លើសពីនេះ កម្ពុជានៅខ្វះបុគ្គលឯករាជ្យ (Freelance) ដែលមានសមត្ថភាពអាចឆ្លើយឆ្លងជាមួយភ្នាក់ងារសារព័ត៌មានអន្តរជាតិ ដើម្បីផ្ដល់ព័ត៌មាន និងបទសម្ភាសន៍។ លោកបានបន្ថែមថា អ្នកកាសែតបរទេសតែងខ្វះប្រភព ខ្វះការផ្ទៀងផ្ទាត់ និងខ្វះព័ត៌មានជាច្រើនពីខាងកម្ពុជា ដែលធ្វើឲ្យពួកគេពិបាកក្នុងការទទួលបានព័ត៌មានផ្លូវការពីមន្ត្រីរដ្ឋាភិបាល។

ជាសរុប លោក សួន សិរីរដ្ឋា បានអះអាងថា ក្នុងសមរភូមិការបរទេសលើឆាកអន្តរជាតិ កម្ពុជាមិនអាចខ្លាំងតែការទូតនយោបាយ និងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែសមរភូមិព័ត៌មាន និងការទូតព័ត៌មាន ក៏ត្រូវតែខ្លាំងទាំងព្រមទៅជាមួយគ្នាជាចាំបាច់។ កម្ពុជាត្រូវតែកសាងស្ពាន និងទំនុកចិត្តច្បាស់លាស់ ដោយមានទំនាក់ទំនងការទូតព័ត៌មានល្អជាមួយអង្គភាពសារព័ត៌មានអន្តរជាតិទាំងអស់ ដើម្បីឲ្យពួកគេផ្សព្វផ្សាយពីកម្ពុជាដោយមានប្រភពគ្រប់ជ្រុងជ្រោយ និងប្រកបដោយវិជ្ជាជីវៈ៕