ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារស្ថាបនាស្ពានបេតុង នៅស្រុកឆែប ខេត្តព្រះវិហារ
18-09-2026 21:47
(ព្រះវិហារ)៖ ស្ពានបេតុងមួយកន្លែងប្រវែង៤៥ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅភូមិគុណភាព ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារស្ថាបនា ដើម្បីធានាថាការអនុវត្តគម្រោងសម្រេចបានតាមលក្ខណៈបច្ចេកទេស និងអាចបម្រើប្រជាពលរដ្ឋបានប្រកបដោយប្រសិទ្ធភាព។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដឹកនាំដោយ លោកស្រី ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ លោក ម៉ប់ ធិរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ព្រមទាំងមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងការចុះពិនិត្យ គណៈកម្មការបានពិនិត្យស្ថានភាពជាក់ស្តែង នៃការងារស្ថាបនាស្ពានបេតុងចំនួន១កន្លែង ដែលមានប្រវែង៤៥ម៉ែត្រ និងទទឹង៨ម៉ែត្រ ព្រមទាំងផ្លូវក្រាលគ្រួសក្រហមនៅសងខាងក្បាលស្ពាន ប្រវែងសរុប២០០ម៉ែត្រ ក្នុងនោះម្ខាងៗ មានប្រវែង១០០ម៉ែត្រ និងលូប្រអប់មុខបួនចំនួន១កន្លែង។
គម្រោងនេះត្រូវបានអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដោយប្រើប្រាស់ថវិកាជំពូក២១ និងអនុវត្តក្នុងឆ្នាំ២០២៥។ ការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពនេះ មានគោលបំណងពិនិត្យលើគុណភាពការងារ ស្ថានភាពសំណង់ និងភាពសមស្របតាមលក្ខណៈបច្ចេកទេស មុនពេលបញ្ចប់នីតិវិធីពាក់ព័ន្ធ។
ការស្ថាបនាស្ពាន និងផ្លូវនេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ដែលជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការតភ្ជាប់រវាងសហគមន៍នៅតំបន់ជនបទ ជាពិសេសក្នុងរដូវវស្សា ដែលការធ្វើដំណើរឆ្លងកាត់ប្រភពទឹកអាចជួបការលំបាក។
ការយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាផ្នែកមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តោតសំខាន់ ដោយផ្លូវ ស្ពាន ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗនៅតាមជនបទ មានតួនាទីសំខាន់ក្នុងការលើកកម្ពស់ការតភ្ជាប់មូលដ្ឋាន និងសម្រួលជីវភាពប្រជាពលរដ្ឋ។
តាមរយៈការចុះត្រួតពិនិត្យជាក់ស្តែងនេះ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ បានចូលរួមពិនិត្យ និងវាយតម្លៃលើសំណង់ ដើម្បីធានាថាស្ពាន និងផ្លូវដែលបានសាងសង់ អាចប្រើប្រាស់បានប្រកបដោយសុវត្ថិភាព គុណភាព និងចីរភាព ស្របតាមគោលដៅនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ៕


















