ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំបូកសរុបការងារសន្តិសុខ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងសណ្តាប់ធ្នាប់សង្គម
18-09-2026 21:34
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែសីហា និងនព្វមាស (៩ខែ) ឆ្នាំ២០២៦។
កិច្ចប្រជុំនេះក៏បានលើកទិសដៅការងារអនុវត្តបន្ត ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
កិច្ចប្រជុំដ៏សំខាន់នេះ មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យទាំង៣៣ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ដើម្បីពិភាក្សា និងវាយតម្លៃលើការងារកន្លងមក។
ក្នុងឱកាសនោះ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងណែនាំឲ្យពង្រឹងការងារជំនាញសន្តិសុខ ដើម្បីធានាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមកាន់តែល្អប្រសើរ។
លោកបានសង្កត់ធ្ងន់លើការបន្តសហការស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ឲ្យបានជាប្រចាំ និងមិនដកថយឡើយ។
ជាមួយគ្នានេះ ល៩កស្នងការ ក៏បានណែនាំផែនការងារនគរបាលព្រហ្មទណ្ឌ ត្រូវបន្តពង្រឹងការងារជំនាញ បង្ការទប់ស្កាត់បទល្មើសអំពើលួច ឆក់ និងជាពិសេសបង្រ្កាបបទល្មើសក្មេងទំនើងឲ្យមានប្រសិទ្ធភាព និងមិនលើកលែងឡើយចំពោះក្មេងទំនើងនេះ។ លោកក៏បានណែនាំឲ្យបន្តគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពមុខសញ្ញាក្មេងទំនើង ក៏ដូចជាបន្តដឹកនាំវាយតម្លៃសភាពការណ៍ និងដាក់ចេញនូវចំណាត់ការស្រាវជ្រាវបង្រ្កាបបទល្មើសក្មេងទំនើង និងបទល្មើសនានា។
បន្ថែមពីនេះ ស្នងការ ក៏បានណែនាំផែនការងារប្រឆាំងគ្រឿងញៀន ឲ្យបន្តពង្រឹងស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ទន្ទឹមនឹងនេះដែរ ស្នងការ ក៏បានណែនាំបណ្តាប្រធានអង្គភាពអធិការដ្ឋាននគរបាលខណ្ឌ និងការិយាល័យជំនាញ ត្រូវគ្រប់គ្រងកម្លាំងក្រោមឱវាទឲ្យបានច្បាស់លាស់ និងបែងចែកការទទួលខុសត្រូវការងារតាមជំនាញ ដើម្បីធានាប្រសិទ្ធភាពការងាររួម។
































