FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តឧត្តរមានជ័យ ជាខេត្តទី៧ បញ្ចប់ការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់

18-09-2026 21:16

(ឧត្តរមានជ័យ)៖ ខេត្តឧត្តរមានជ័យ បានក្លាយជាខេត្តទី៧ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់ជាផ្លូវការនូវការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចរាល់ ដែលជាសមិទ្ធផលសំខាន់មួយក្នុងការពង្រឹងការគ្រប់គ្រងរដ្ឋបាលដែនដី និងការរៀបចំផែនការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែច្បាស់លាស់។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក វុឌ្ឍី វណ្ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

លោក វុឌ្ឍី វណ្ណារ៉ា អគ្គនាយក នៃអគ្គនាយដ្ឋានសុរិយោដី និងភូមិសាស្ត្រ បានថ្លែងបញ្ជាក់ថា ការបញ្ចប់ការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ មិនមែនគ្រាន់តែជាការងារបច្ចេកទេសនោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការគ្រប់គ្រងរដ្ឋបាលដែនដី និងការអភិវឌ្ឍមូលដ្ឋាន។

លោកថា តាមរយៈផែនទីដែលបានកំណត់ និងទទួលស្គាល់ជាផ្លូវការ នឹងជួយកាត់បន្ថយ និងលុបបំបាត់ភាពចម្រូងចម្រាស ឬទំនាស់ពាក់ព័ន្ធនឹងព្រំប្រទល់រដ្ឋបាលរវាងឃុំ-សង្កាត់ និងស្រុក-ក្រុង ព្រមទាំងធ្វើឱ្យការគ្រប់គ្រងភូមិសាស្ត្ររដ្ឋបាលមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព។

លោកអគ្គនាយកបានថ្លែងបន្តថា៖ផែនទីព្រំប្រទល់រដ្ឋបាលនេះ ក៏នឹងជួយដល់អាជ្ញាធរមូលដ្ឋាន ក្នុងការកំណត់ដែនសមត្ថកិច្ច និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋបានឆាប់រហ័ស ត្រឹមត្រូវ និងចំគោលដៅ ព្រមទាំងជាមូលដ្ឋានសម្រាប់ការរៀបចំផែនការអភិវឌ្ឍ និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន។

ជាមួយគ្នានេះលោកអគ្គនាយក បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងក្រុមការងារបច្ចេកទេស ដែលបានសហការយ៉ាងសកម្ម និងផ្តល់ការគាំទ្ររហូតសម្រេចបាននូវលទ្ធផលដ៏សំខាន់នេះ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន។

លោក វឌ្ឍី វណ្ណរ៉ា ក៏បានថ្លែងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តរក្សា និងប្រើប្រាស់ផែនទីព្រំប្រទល់រដ្ឋបាលនេះឱ្យបានត្រឹមត្រូវ និងចំគោលដៅ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍខេត្តឧត្តរមានជ័យ និងប្រទេសជាតិទាំងមូល។

ដោយឡែកលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងបញ្ជាក់ថា ការរៀបចំ និងកំណត់ព្រំប្រទល់ឃុំ-សង្កាត់ ត្រូវបានអនុវត្តស្របតាមមាត្រា៨៥ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ឆ្នាំ២០០១ ដែលមានគោលបំណងផ្តល់ជាមូលដ្ឋានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់។

អនុលោមតាមស្មារតីច្បាប់នេះ ក្រសួងមហាផ្ទៃ បានចេញប្រកាសលេខ ៤៩៣ ប្រក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១ ស្តីពីការកំណត់ចំនួន ឈ្មោះ និងព្រំប្រទល់ឃុំ-សង្កាត់ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ព្រំប្រទល់ឃុំ-សង្កាត់មួយចំនួន ត្រូវបានកែសម្រួលជាបន្តបន្ទាប់ ស្របតាមការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន ស្របតាមច្បាប់ជាធរមាន។

លោកអភិបាលខេត្តថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ខេត្តឧត្តរមានជ័យ សម្រេចបានលទ្ធផលការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយមានក្បាលដីប៉ាន់ស្មានចំនួន ៣៤១,៧២៥ ក្បាលដី និងបានវាស់វែងរួចចំនួន ៣៤១,៧២៥ ក្បាលដី។ ក្នុងនោះ បានចេញបណ្ណកម្មសិទ្ធិចំនួន ១០៣,១៣៥ ក្បាលដី និងបានចែកបណ្ណជូនដល់ដៃប្រជាពលរដ្ឋចំនួន ៧៥,៦៩៧ ក្បាលដី។

លោកថា ការបញ្ចប់ការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ នៅខេត្តឧត្តរមានជ័យនេះ ត្រូវបានចាត់ទុកជាជំហានសំខាន់មួយក្នុងការធ្វើឱ្យការគ្រប់គ្រងដែនដីមានភាពច្បាស់លាស់ ពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងជួយសម្រួលដល់ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព៕