មន្ដ្រីជាន់ខ្ពស់សុខាភិបាល អំពាវនាវឱ្យក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ស្មារតីមនុស្សធម៌ គោរពអ្នកជំងឺ និងការផ្តល់សេវាដោយសមធម៌
18-09-2026 20:39
(ភ្នំពេញ)៖ ក្នុងពិធីបើក «បេសកកម្មវះកាត់ដោយឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប ក្រអូមឆប របួសក្រោយ រលាក បញ្ហាមាត់ធ្មេញសម្រាប់អ្នកជំងឺក្រអូមឆែប និងពិការភាពមុខមាត់ផ្សេងៗ» លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងអំពាវនាវឱ្យក្រុមគ្រូពេទ្យ និងមន្ដ្រីសុខាភិបាលទាំងអស់ បន្ដប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ស្មារតីមនុស្សធម៌ ការគោរពអ្នកជំងឺ និងការផ្ដល់សេវាសុខាភិបាលប្រកបដោយសមធម៌។
បេសកកម្មខាងលើនេះបានប្រកាសបើកនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានការអញ្ជើញចូលរួមពី លោកសាស្ត្រាចារ្យ ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យ និងតំណាងលោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, លោកសាស្ត្រាចា ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាសមាជិកក្រុមប្រឹក្សាភិបាល, លោកបណ្ឌិត L Xiaoli លេខាធិការទី២ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, លោក Michael Wu ប្រធានអង្គការស្នាមញញឹមចិន, វេជ្ជបណ្ឌិត គ្រូពេទ្យ និងអ្នកជំនាញមកពីសាធារណរដ្ឋប្រជាមានិតចិន តំណាងអង្គការស្នាមញញឹមកម្ពុជា ព្រមទាំងអ្នកជំងឺ និងក្រុមគ្រួសារ ដែលមកទទួលសេវាវះកាត់ និងព្យាបាលដោយឥតគិតថ្លៃ។
លោកសាស្ដ្រាចា្ររ្យ កុយ វ៉ាន់នី បានថ្លែងបន្ដថា បេសកកម្មនាពេលនេះ គឺជាសក្ខីភាពដ៏ប្រសើរ មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជនកម្ពុជា-ចិន ជាពិសេសក្នុងវិស័យសុខាភិបាល និងការងារមនុស្សធម៌។
តាមរយៈកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក អង្គការស្នាមញញឹមកម្ពុជា និងអង្គការស្នាមញញឹមចិនបានរួមគ្នាផ្តល់សេវាវះកាត់ និងការព្យាបាលដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកជំងឺមាត់ឆែប
និងក្រអូមឆែប ព្រមទាំងពិការភាពមុខមាត់ផ្សេងៗ។ បេសកកម្មលើកទី៩ នាពេលនេះ នឹងបន្តផ្តល់សេវាវះកាត់ ការព្យាបាល និងការពិគ្រោះជូនអ្នកជំងឺដែលមានបញ្ហាមាត់ឆែប ក្រអូមឆែប ស្នាមរបួសក្រោយរលាក បញ្ហាមាត់ធ្មេញសម្រាប់អ្នកជំងឺក្រអូមឆែប ការពិគ្រោះផ្នែកនិយាយ (Speech therapy) និងពិការភាពមុខមាត់ផ្សេងៗ។ នេះជាការរួមចំណែកដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់សុខភាព សោភ័ណភាព ទំនុកចិត្ត និងគុណភាពជីវិតរបស់អ្នកជំងឺ។
លោកសាស្ដ្រាចារ្យ បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Future Smile China និង OperationSmile Cambodia ព្រមទាំងក្រុមគ្រូពេទ្យ អ្នកជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ពេលវេលា
កម្លាំងកាយចិត្ត ចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដើម្បីបម្រើដល់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះលោកសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការស្នាមញញឹមចិន Future Smile China) ដែលបានរួមចំណែកគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា។ ក្នុងនោះនៅឆ្នាំ២០២៤ អង្គការស្នាមញញឹមចិន បានផ្ដល់ជំនួយរថយន្តសង្គ្រោះចំនួន ៤គ្រឿង ជូនក្រសួងសុខាភិបាលកម្ពុជា និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជាការគាំទ្រដ៏មានតម្លៃក្នុងការពង្រឹងសមត្ថភាពផ្តល់សេវាសង្គ្រោះបន្ទាន់ និងការថែទាំសុខភាពជូនប្រជាពលរដ្ឋកម្ពុជា។ លើសពីនេះបានបន្ដផ្ដល់ ថ្នាំ Sevoflurane ចំនួន ៨១៦ដប ក្នុងឱកាសបេសកកម្មនេះផងដែរ។
«ការគាំទ្រទាំងនេះ គឺជាការរួមចំណែកដ៏មានតម្លៃក្នុងការពង្រឹងសមត្ថភាព និងគុណភាពនៃការផ្តល់សេវាសុខាភិបាល។ ខ្ញុំជឿជាក់ថា បេសកកម្មនេះនឹងមិនត្រឹមតែផ្ដល់ការព្យាបាលជូនអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏ល្អសម្រាប់ការផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ និងជំនាញវិជ្ជាជីវៈរវាងក្រុមគ្រូពេទ្យកម្ពុជា និងចិន ដែលនឹងរួមចំណែកដល់ការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាលកម្ពុជា»។ លោកបានសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិនក្នុងវិស័យសុខាភិបាល នឹងបន្តមានភាពរឹងមាំ និងកាន់តែទូលំទូលាយ ដើម្បីរួមគ្នាឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។
















