FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិវត្តជនជាអតីតមន្ត្រីក្រសួងព័ត៌មាន

18-09-2026 20:34

(ភ្នំពេញ)៖ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក. វិស័យព័ត៌មាន) នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិវត្តជនជាអតីតមន្ត្រីរាជការបម្រើការងារនៅក្រសួងព័ត៌មានចំនួន ២រូប។

និវត្តជនទាំង២រូបរួមមាន៖ លោកស្រី ស៊ី គឹមយៀង អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK) និងលោក គឹម សារ៉ុម អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់លោក នេត្រ ភក្ត្រា ព្រមទាំងសម្តែងនូវការយកចិត្តទុកដាក់ និងការដឹងគុណចំពោះអតីតមន្ត្រីរាជការ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ និងបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាកន្លងមក។

ជាមួយគ្នានេះ និវត្តជនទាំងពីររូប ម្នាក់ៗទទួលបានអំណោយដ៏ថ្លៃថ្លាពីលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកស្រី រួមមាន៖ អង្ករ ៣បេ មី ២កេស ត្រីខ ១កេសធំ ទឹកសុទ្ធ ២កេសធំ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០ម៉ឺនរៀល។

ក្រុមការងារក៏បានជូនដំណឹង និងណែនាំអំពីការចុះឈ្មោះជាសមាជិកសមាគមនិវត្តជន ជូនដល់និវត្តជនទាំងពីររូប ដើម្បីបន្តពង្រឹង និងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងផ្តល់ការយកចិត្តទុកដាក់ និងការគាំទ្របន្ថែមដល់អតីតមន្ត្រីរាជការក្នុងវិស័យព័ត៌មាន។

សកម្មភាពចុះសួរសុខទុក្ខនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះនិវត្តជន ដែលធ្លាប់ចំណាយកម្លាំងកាយចិត្ត និងពេលវេលា បំពេញភារកិច្ចបម្រើជាតិ ក្នុងវិស័យព័ត៌មាន និងជាការរក្សាបាននូវស្មារតីសាមគ្គីភាព ការគោរព និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងមន្ត្រីបច្ចុប្បន្ន និងអតីតមន្ត្រីរាជការក្នុងវិស័យព័ត៌មាន។

ពិធីនេះមានការអមដំណើរដោយលោកស្រី សន ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិក អ.ន.ក. វិស័យព័ត៌មាន ព្រមទាំងលោក លោកស្រី អនុប្រធាន លេខាធិការដ្ឋាន និងសមាជិក សមាជិកាលេខាធិការដ្ឋានមួយចំនួនទៀត៕