FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-ជប៉ុន ចាប់ដៃគ្នាយ៉ាងជិតស្និទ្ធក្នុងយុទ្ធនាការជំរុញបច្ចេកវិទ្យា និងតម្លាភាពនៃការបោះឆ្នោត នៅខេត្តកំពង់ធំ

18-09-2026 20:32

(កំពង់ធំ)៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីពង្រឹងទំនុកចិត្ត និងតម្លាភាពក្នុងដំណើរការប្រជាធិបតេយ្យយុគសម័យឌីជីថល លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានរៀបចំ វគ្គអប់រំ ផ្សព្វផ្សាយស្តីពី «សារៈសំខាន់នៃការបោះឆ្នោត ការប្រើប្រាស់បច្ចេកវិទ្យា និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងដំណើរការបោះឆ្នោត» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសព័ត៌មានវិទ្យា (IT) មកពីតាមបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរួមគ្នារវាងភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ រួមមាន លោក ឌឹម សុវណ្ណារុំ សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប, លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោក Akitoshi Nagasawa Pati ទីប្រឹក្សា និងជាអ្នកស្រាវជ្រាវនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ការចូលរួមយ៉ាងសកម្មពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងវគ្គអប់រំផ្សព្វផ្សាយនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំ និងការបន្តគាំទ្រយ៉ាងយកចិត្តទុកដាក់របស់រដ្ឋាភិបាលជប៉ុន ចំពោះការងារកែទម្រង់ការបោះឆ្នោត ការលើកកម្ពស់តម្លាភាព និងការអភិវឌ្ឍប្រជាធិបតេយ្យនៅកម្ពុជា។

នៅក្នុងឱកាសនោះ លោក ឌឹម សុវណ្ណារុំ បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅដោយប្រៀបធៀបភាពខុសគ្នារវាងប្រទេសកម្ពុជា និងប្រទេសប្រជាធិបតេយ្យនៅលើឆាកអន្តរជាតិថា ប្រទេសមួយចំនួនដែលតាំងខ្លួនជា «បិតាប្រជាធិបតេយ្យ» នៅតែបន្តជួបបញ្ហាការខ្វែងគំនិត និងភាពចម្រូងចម្រាសយ៉ាងខ្លាំងលើការរៀបចំបញ្ជីបោះឆ្នោត ប៉ុន្ដែ កម្ពុជាបានបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ និងសមត្ថភាពម្ចាស់ការយ៉ាងពិតប្រាកដដោយគោរពតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

លោកបានរំលេចថា ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ឆ្នាំ២០២៦នេះ តាមរយៈបទពិសោធន៍នៃការរៀបចំការបោះឆ្នោតដោយសមត្ថភាពផ្ទាល់ខ្លួន កម្ពុជាបានកសាងនូវបញ្ជីបោះឆ្នោតមួយដែលមានភាពត្រឹមត្រូវ បច្ចុប្បន្នភាព ច្បាស់លាស់ និងប្រកបដោយតម្លាភាពខ្ពស់ ដែលត្រូវបានទទួលស្គាល់ និងទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ។

ជាមួយគ្នានេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានរំលេចអំពីបញ្ហាប្រឈមនៃព័ត៌មានក្លែងក្លាយ (Fake News) ដែលកំពុងគំរាមកំហែងដល់សង្គម និងដំណើរការបោះឆ្នោត។ លោកបានណែនាំ និងជំរុញឱ្យមន្ត្រីបច្ចេកទេស IT និងថ្នាក់ដឹកនាំតាមមន្ទីរ-អង្គភាព ត្រូវបង្កើនការយល់ដឹង និងសមត្ថភាពលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីប្រែក្លាយខ្លួនជាកម្លាំងជួរមុខក្នុងការតាមដាន វិភាគ និងឆ្លើយតបបន្សាបព័ត៌មានមិនពិតឱ្យបានទាន់ពេលវេលា សំដៅការពារសុចរិតភាពនៃលំហព័ត៌មាន និងរក្សាបាននូវសន្តិសុខ ព្រមទាំងទំនុកចិត្តរបស់សាធារណជនក្នុងដំណើរការប្រជាធិបតេយ្យ។

លោក ឌឹម សុវណ្ណារុំ បានចែករំលែកក្នុងនាមជាអ្នកមានបទពិសោធន៍ក្នុងវិស័យព័ត៌មាន អស់រយៈពេលជាង៣០ឆ្នាំ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការនិយាយគ្មានការពិត ដែលវាជាអរូបី ដូច្នេះជម្រើសមានតែ១ គឺយករូបីដើម្បីទៅបន្សាបអរូបី ទើបបញ្ហាអាចដោះស្រាយបាន។

កិច្ចសហការរវាង គ.ជ.ប, រដ្ឋបាលខេត្តកំពង់ធំ និងស្ថានទូតជប៉ុន នាឱកាសនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការប្រែក្លាយបច្ចេកវិទ្យាឱ្យទៅជា «ឧបករណ៍ពង្រឹងប្រជាធិបតេយ្យ» និងធានាថា រាល់សេវាកម្ម និងដំណើរការបោះឆ្នោតត្រូវបានអនុវត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោក ឌឹម សុវណ្ណារុំ បានឱ្យដឹងទៀតថា ក្នុងក្រមខណ្ឌគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប គឺជាសមាជិក RECEF (បណ្តាញនៃស្ថាប័នរៀបចំការបោះឆ្នោត នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង) និង AWEB (សមាគមស្ថាប័នបោះឆ្នោតពិភពលោក) លោកត្រូវបានអញ្ជើញនិងជ្រើសរើសក្នុងចំណោមប្រទេសចូលរួមសរុបចំនួន១៦ ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោតនៅ QUEBEC ដែលនឹងប្រព្រឹត្តទៅចំថ្ងៃច័ន្ទទី៥ ខែតុលា ឆ្នាំ២០២៦ ហើយឯកឧត្តមនឹងត្រូវចូលរួមប្រជុំផងដែរនៅប្រទេសហ្វីលីពីននៅពាក់កណ្តាលខែតុលានេះ ដោយជួបជុំគ្នាជាវេទិការអន្តរជាតិដែលមានស្ថាប័នរៀបចំការបោះឆ្នោត និងអង្គការធំៗ ក្នុងវិស័យបោះឆ្នោតមកពីជាងមួយរយប្រទេសដើម្បីជួបជុំគ្នានៅទីក្រុងម៉ានីល ជជែក ពិភាក្សាគ្នាអំពីមេរៀនបទពិសោធន៍និងដំណើរការងាររបស់AWEBលើដំណើរការប្រជាធិបតេយ្យលើពិភពលោក ដែលនេះជាការចូលរួមដោយស្មើមុខស្មើមាត់ក្នុងក្របខ័ណ្ឌតំបន់(RECEF) និងពិភពលោក(A-Web)៕