FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម

18-09-2026 18:36

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខណៈប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងបណ្តាប្រទេសជាង ២០ និងអង្គការអន្តរជាតិធំៗចំនួន ៣ផងដែរ។

បើតាមលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» គឺជាការបង្ហាញពីឆន្ទៈនយោបាយដ៏មុតមាំ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបើកចំហយ៉ាងទូលំទូលាយ និងអំពាវនាវឱ្យមានសកម្មភាពរួមគ្នារបស់សហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ពីព្រោះបញ្ហានេះគឺជាការប្រឈមរួមទាំងនៅក្នុងតំបន់ និងលើពិភពលោក។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កម្ពុជាទទួលស្គាល់ថា ការឆបោក Online Scams គឺជាបញ្ហាប្រឈមធ្ងន់ធ្ងរ ហើយកម្ពុជាខ្លួនឯងក៏ជាអ្នករងគ្រោះពីឧក្រិដ្ឋកម្មឆ្លងដែននេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយកម្ពុជាបាននឹងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំង និងបង្ក្រាបបទល្មើសនេះឱ្យដល់ឫសគល់ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានានៅលើពិភពលោករួមមាន៖ ប្រទេសចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។

ដោយឡែកលោក ហាយ មករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានមជ្ឈមណ្ឌលព័ត៌មានវិទ្យា បានលើកឡើងថា បច្ចុប្បន្ន បទល្មើសបច្ចេកវិទ្យាបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយបទល្មើសធ្ងន់ធ្ងរចំនួនបីផ្សេងទៀត រួមមាន ការជួញដូរមនុស្ស អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់។

ជាមួយគ្នានេះ លោក ម៉ុក ច័ន្ធសុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានអនុគណៈកម្មាធិការខ្លឹមសារ បានឱ្យដឹងថា បញ្ហាបទល្មើស Online Scams ជាបញ្ហាស្មុគ្រស្មាញប្រទាក់ក្រឡា បណ្តាញអង្គការចាត់តាំងពីប្រទេសមួយទៅប្រទេសមួយទៀត ជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន។

លោកថាហេតុនេះហើយទើបប្រមុខរាជដ្ឋាភិបាលសម្រេចរៀបចំជាសន្និសីទ្ធអន្តរជាតិនេះឡើង ដើម្បីប្រមូលនូវមន្រ្តីជាន់ខ្ពស់នៃបណ្តាប្រទេសក៏ដូចជាអ្នករៀបចំគោលនយោបាយ មន្រ្តីអនុវត្តន៍ច្បាប់ មកអង្គុយជាមួយគ្នា ធ្វើការពិភាក្សា និងការលើកជាទស្សនៈទានក្នុងការប្រយុទ្ធប្រឆាំងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

អនុប្រធានអនុគណៈកម្មាធិការខ្លឹមសាររូបនេះ បានបន្ដថា ការរៀបចំនេះទៀតក៏មានការសហការគាំទ្រពីបណ្តាអង្គការអន្តរជាតិចំនួន៣ទៀតផងដែរ។

លោកបានបន្ថែមថា៖ «គោលបំណងនៃការធ្វើសន្និសីទនេះដែរមានចំនួន៣ ពោលគឺ ទី១. ស្វែងយល់អំពីការវិវត្តដ៏ស្មុគស្មាញដ៏ឆាប់រហ័ស នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា,ទី២. បង្កើនកិច្ចសហប្រតិបត្តិការពីព្រោះជាបទល្មើសឆ្លងដែនមិនអាចប្រទេសណាមួយធ្វើតែឯងបានទេ។ចំណែក ទី៣. គឺការចូលរួមផ្លាស់ប្តូរបទពិសោធន៍ពីចំណុចខ្លាំង និងចំណុចខ្សោយនៃប្រតិបត្តិការនីមួយៗ។

សូមបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានចំនួនជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំងអនឡាញស្កែមទ្រង់ទ្រាយធំបានរហូតដល់ ៨៦កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់។

គួរជម្រាបថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ»។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងមានការចូលរួមពីតំណាងបណ្តាប្រទេសជាង ២០ និងអង្គការអន្តរជាតិធំៗចំនួន ៣ផងដែរ៕