ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតី និងសាក្សីក្នុងពិធីចុះហត្ថលេខា លើលិខិតសម្តែងបំណង រវាងគណៈកម្មាធិការដឹកនាំ ការកែទម្រង់ច្បាប់ និងទីចាត់ការព័ត៌មានច្បាប់ និងរដ្ឋបាលបារាំង
18-09-2026 17:35
(ប៉ារីស)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញចូលរួមជាអធិបតី និងសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតសម្តែងបំណងរវាងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ដោយលោក លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអគ្គលេខាធិការ គ.ក.ច. និងទីចាត់ការនាយកដ្ឋានព័ត៌មានច្បាប់និងរដ្ឋបាល នៃសាធារណរដ្ឋបារាំង (DILA) ដោយលោកស្រី Véronique LEHIDEUX នាយិកា DILA ដែលបានប្រព្រឹត្តទៅនៅទីចាត់ការ DILA ដែលជាស្ថាប័នចំណុះផ្ទាល់របស់នាយករដ្ឋមន្រ្តី នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
គោលបំណងនៃការចុះហត្ថលេខាលើលិខិតសម្តែងបំណងនេះ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងស្ថាប័នទាំងពីរ ក៏ដូចជា ដើម្បីផ្លាស់ប្តូរបទពិសោធ ចែករំលែកចំណេះដឹង និងផ្តល់ជំនួយបច្ចេកទេស ក្នុងការរៀបចំទស្សនាទាន ការអភិវឌ្ឍ និងការដាក់ឱ្យដំណើរការនូវថ្នាលឌីជីថល (plateformes numérique) ដែលមានលក្ខណៈស្រដៀងគ្នានឹង Légifrance និង Vie Publique ព្រមទាំងការដាក់ឱ្យអនុវត្តនូវប្រព័ន្ធនវានុវត្តន៍ជំនួយដល់ការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹង ÉDILE របស់បារាំង។
ថ្លែងក្នុងពិធីចុះហត្ថលេខានេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Véronique LEHIDEUX នាយិកា DILA និងសហការី ដែលបានខិតខំប្រឹងប្រែង និងជំរុញការរៀបចំកិច្ចសហប្រតិបត្តិការរវាង DILA និង គ.ក.ច. រហូតឈានមកដល់ការចុះលិខិតសម្តែងបំណងនាពេលនេះ។
មឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងថា ការចុះហត្ថលេខានាឱកាសនេះ គឺជាសក្ខីភាពមួយបង្ហាញអំពីចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជានិងបារាំង ព្រមទាំងផ្តល់នូវការសិក្សារៀនសូត្រ និងការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធពីគ្នាទៅវិញទៅមក ព្រមទាំងរួមចំណែកពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការងារកែទម្រង់ ការលើកកម្ពស់គុណភាព និងការធ្វើទំនើបកម្មច្បាប់ តាមរយៈការប្រើប្រាស់ថ្នាលឌីជីថល ដើម្បីផ្សព្វផ្សាយច្បាប់ និងគ្រប់បទដ្ឋានគតិយុត្តផ្សេងៗ និងដើម្បីផ្តល់ជូនប្រជាពលរដ្ឋ អំពីចំណេះដឹងច្បាប់ ឯកសារអប់រំ ឯកសារពាក់ព័ន្ធរបស់ក្រសួង ស្ថាប័ន និងគោលនយោបាយសាធារណៈ ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងបង្កើនតម្លាភាពនៃសកម្មភាពសាធារណៈ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា មន្ត្រីរាជការសាធារណៈត្រូវការអត្ថបទច្បាប់ ដែលមានភាពត្រឹមត្រូវ អាចជឿទុកចិត្តបាន ងាយស្រួលប្រើប្រាស់ និងទាន់សម័យ ដើម្បីបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ខណៈដែលប្រជាពលរដ្ឋ និងធុរជនក៏ត្រូវការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធ ដើម្បីអាចអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនបានត្រឹមត្រូវផងដែរ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល អាចជួយសម្រេចគោលដៅកំណែទម្រង់ ប៉ុន្តែប្រសិទ្ធភាពរបស់ប្រព័ន្ធមិនអាស្រ័យលើបច្ចេកវិទ្យាតែមួយមុខទេ គឺត្រូវមាននីតិវិធីការងារច្បាស់លាស់ ព័ត៌មានត្រឹមត្រូវ និងទាន់សម័យ ព្រមទាំងការបែងចែកតួនាទី និងទំនួលខុសត្រូវច្បាស់លាស់ក្នុងការគ្រប់គ្រង និងថែទាំប្រព័ន្ធ។ ក្នុងន័យនេះ កម្ពុជាសូមស្វាគមន៍ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធពី DILA ទាំងផ្នែកបច្ចេកទេសនិងយន្តការស្ថាប័ន ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានច្បាប់ និងការធ្វើទំនើបកម្មច្បាប់នៅកម្ពុជា ជាពិសេសគាំទ្រដល់ការរៀបចំ និងតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ពីការតាមដានដោយផ្ទាល់លើការអនុវត្តលិខិតសម្តែងបំណងនេះ និងបានស្នើឱ្យរៀបចំផែនការសកម្មភាពដែលកំណត់ឱ្យបានច្បាស់នូវអាទិភាព តួនាទី ភារកិច្ច និងក្របខ័ណ្ឌពេលវេលានៃការអនុវត្ត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យមានប្រសិទ្ធភាព និងរួមចំណែកជំរុញការងារកែទម្រង់ច្បាប់របស់កម្ពុជា ឱ្យទទួលបាននូវលទ្ធផលជាផ្លែផ្កា ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាល និងសង្គម-សេដ្ឋកិច្ចជាតិកម្ពុជាទាំងមូល។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងគណៈប្រតិភូ ក៏បានធ្វើការពិភាក្សា និងផ្លាស់ប្តូរបទពិសោធ ព្រមទាំងសិក្សាស្វែងយល់អំពីការអនុវត្តការងារជាក់ស្តែងរបស់ DILA ពាក់ព័ន្ធនឹងការគ្រប់គ្រងព័ត៌មានគតិយុត្ត, ការផ្តល់ព័ត៌មាន និងការបកស្រាយបំភ្លឺអំពីនីតិវិធីរដ្ឋបាលជូនប្រជាពលរដ្ឋ និងអាជីវកម្ម តាមរយៈ Journal Officiel (រដ្ឋកិច្ច), Légifrance (គេហទំព័រនៃលិខិតបទដ្ឋានគតិយុត្តនិងសេចក្តីសម្រេចតុលាការ), Service-Public.fr (គេហទំព័រសេវាសាធារណៈ), Vie Publique.fr (គេហទំព័រច្បាប់និងគោលនយោបាយទាក់ទងនឹងកិច្ចការសាធារណៈ) និង ÉDILE (កម្មវិធីគ្រប់គ្រងនីតិវិធីនៃការរៀបចំនិងតាក់តែងលិខិតបទដ្ឋានគតិយុត្ត)៕










