FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សំណេរអង្គរត្រឡប់មកវិញហើយ! អ្នករៀបចំប្រកាសទទួលបេក្ខជន ២,០០០អង្គ/នាក់ ចូលរួមប្រកួតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៧

18-09-2026 17:18

(ភ្នំពេញ)៖ លោក លឹម ប៊ុនហុក ស្ថាបនិកកម្មវិធី «សំណេរអង្គរ» បានបញ្ជាក់ថា ព្រឹត្តិការណ៍ «សំណេរអង្គរ» លើកទី៤ នឹងរៀបចំឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៧ នៅស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដដែល ដោយការប្រឡងមានរយៈពេល ១ម៉ោង។

ការបញ្ជាក់របស់លោក លឹម ប៊ុនហុក ស្ថាបនិកកម្មវិធី បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំ «សំណេរអង្គរ» លើកទី៤ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

លោក លឹម ប៊ុនហុក បានឲ្យដឹងថា ការចុះឈ្មោះចូលរួមកម្មវិធី «សំណេរអង្គរ» លើកទី៤ នឹងចាប់ផ្តើមទទួលការចុះឈ្មោះរបស់បេក្ខជន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ពោលគឺស្អែកនេះ ហើយអ្នករៀបចំកំណត់ចំនួនបេក្ខជនត្រឹម ២,០០០អង្គ/នាក់។

ក្នុងសន្និសីទសារព័ត៌មាន លោក លឹម ប៊ុនហុក បានអំពាវនាវដល់អ្នកដែលមានសំឡេងល្អ និងមានស្មារតីស្ម័គ្រចិត្ត អញ្ជើញទាក់ទងមកកាន់កម្មវិធី «សំណេរអង្គរ» ដើម្បីចូលរួមហាត់អាន និងជួយសម្រួលដល់ដំណើរការប្រកួតនៅលើកទី៤។

លោកបានពន្យល់ថា នៅក្នុងកម្មវិធី «សំណេរអង្គរ» លើកទី៣ មានកំហុសឆ្គងមួយចំនួនក្នុងដំណើរការប្រឡងសរសេរតាមអាន ដោយសារការអានមានល្បឿនលឿនពេក ធ្វើឲ្យបេក្ខជនមួយចំនួនសរសេរមិនទាន់។ ដូច្នេះ សម្រាប់ការរៀបចំលើកទី៤ អ្នករៀបចំនឹងយកចិត្តទុកដាក់កែលម្អចំណុចនេះឲ្យកាន់តែប្រសើរ។

សូមជម្រាបថា «សំណេរអង្គរ» គឺជាកម្មវិធីប្រកួតសរសេរតាមអានអក្សរខ្មែរ ដោយបើកឱកាសឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ អាចចូលរួមប្រកួតដោយមិនប្រកាន់អាយុ ភេទ ជាតិ សាសន៍ ឬតួនាទី ដើម្បីជ្រើសរើសជ័យលាភីដែលអាចសរសេរពាក្យខ្មែរបានត្រឹមត្រូវជាងគេ។

កម្មវិធី «សំណេរអង្គរ» ឬអាចហៅថា កម្មវិធីប្រកួតសរសេរតាមអានថ្នាក់ជាតិ ត្រូវបានរៀបចំលើកទី១ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ លើកទី២ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ចំណែកលើកទី៣ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

កម្មវិធីលើកទី១ មានបេក្ខជនចូលរួមចំនួន ៧០០នាក់ ខណៈលើកទី២ មានបេក្ខជនចំនួន ៨១៥នាក់ និងលើកទី៣ មានបេក្ខជនចូលរួមរហូតដល់ ១,៨៦០អង្គ/នាក់ មកពី ២៥រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា៕