FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ កម្ពុជា និង បារាំង (AFD) នឹងបន្តមានភាពរឹងមាំសកម្ម និងប្រកបដោយប្រសិទ្ធភាព កាន់តែខ្ពស់ថែមទៀត

18-09-2026 17:13

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Laetitia HABCHI នាយិការថ្មី នៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំនៅកម្ពុជា ក៏ដូចជាជួបជម្រាបលាលោកស្រី Sandrine BOUCHER អតីតនាយិការ នៃ AFD ប្រចាំនៅកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា។ ជំនួបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បារាំង គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងមានប្រវត្តិសហប្រតិបត្តិការយូរអង្វែងជាមួយកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍, ឥណទានសម្បទាន, ជំនួយឥតសំណង, ជំនួយបច្ចេកទេស, និងជំនាញការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ទន្ទឹមនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Laetitia HABCHI ក្នុងឱកាសចាប់ផ្តើមបំពេញបេសកកម្មថ្មីនៅកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងក្តីសង្ឃឹមថា ក្រោមការដឹកនាំរបស់លោកស្រី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និង បារាំង (AFD) នឹងបន្តមានភាពរឹងមាំ សកម្ម និងប្រកបដោយប្រសិទ្ធភាពកាន់តែខ្ពស់ថែមទៀត។ កម្ពុជា កំពុងបន្តផ្តោតលើការពង្រឹងភាពធន់សេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការធ្វើពិពិធកម្មសេដ្ឋកិច្ចការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងបរិវត្តកម្មឌីជីថល ដើម្បីគាំទ្រដល់ការសម្រេចគោលដៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រី Laetitia HABCHI ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលឆ្លៀតពីការងារមមារញឹកអនុញ្ញាតឲ្យលោកស្រី និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ លោកស្រី បានបង្ហាញនូវការគាំទ្រចំពោះការអភិវឌ្ឍនៅកម្ពុជា ហើយ AFD នៅតែរក្សាកិច្ចសហប្រតិបត្តិការ ហិរញ្ញប្បទានលើគម្រោងអភិវឌ្ឍន៍ ក្នុងវិស័យអាទិភាពដែលមានស្រាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ, ភាគីទាំងពីរ ក៏បានពិភាក្សា និងរំពឹងទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់កម្ពុជា នាពេលខាងមុខនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យ កាន់តែរឹងមាំ ឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត និងប្តេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធដើម្បីធានា ឱ្យការរៀបចំកិច្ចប្រជុំកំពូលអង្គការហ្វ្រង់កូហ្វូនី (Francophonie Summit) ទទួលបានជោគជ័យ។

ជាថ្មីម្តងទៀត, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Sandrine BOUCHER នាយិការ AFD ប្រចាំកម្ពុជា ដែលទើបចប់អាណត្តិ ចំពោះការខិតខំប្រឹងប្រែង និងការចូលរួមចំណែកដ៏មានតម្លៃរបស់លោកស្រី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍រវាងកម្ពុជា-បារាំង នាពេលកន្លងមក ព្រមទាំងបានជូនពរឱ្យលោកស្រី Laetitia HABCHI នាយិការ AFD ថ្មី បំពេញបេសកកម្មនៅកម្ពុជាប្រកបដោយជោគជ័យ និងទទួលបានភាពរីករាយនៅក្នុងឱកាសស្នាក់នៅ និងបំពេញភារកិច្ចនៅកម្ពុជា៕