ក្រុមហ៊ុន និងសហគ្រាសចិន ជាង៤០ផ្សេងៗគ្នា បង្ហាញពីគម្រោងចង់បោះទុនវិនិយោគ នៅខេត្តកំពង់ស្ពឺ
18-09-2026 17:04
(ចិន)៖ ក្រុមហ៊ុន និងសហគ្រាសរបស់ប្រទេសចិន ប្រមាណជាង៤០ផ្សេងៗគ្នា បានបង្ហាញពីគម្រោងចង់បោះទុនវិនិយោគ នៅខេត្តកំពង់ស្ពឺ ក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារ សហរដ្ឋអាមេរិក នាពេលខាងមុខនេះ។ នេះបើយោងតាមការលើកឡើង លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងពេលដឹកនាំប្រតិភូ ខេត្តកំពង់ស្ពឺ ជួបជាមួយអ្នកតំណាងមកពីក្រុមហ៊ុន សហគ្រាសចិនចំនួន៤២ ក្រុមហ៊ុន រួមសហគ្រាស នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងខេត្តណាននីង សាធារណរដ្ឋប្រជាមានិតចិន។
លោក ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា ប្រតិភូខេត្តបានជួបជាមួយតំណាងក្រុមហ៊ុន និងសហគ្រាសនៅក្នុង ខេត្តណាននីង សាធារណរដ្ឋប្រជាមានិតចិន ដោយបានបង្ហាញពីសក្តានុពលសំបូរបែប និងចំនួនអ្នកវិនិយោគយ៉ាងច្រើនដែលបាននិងកំពុងបោះទុនរកស៊ីក្នុង ខេត្តកំពង់ស្ពឺ ឲ្យតំណាងក្រុមហ៊ុន និងសហគ្រាសទាំងអស់បានស្តាប់ មានក្រុមហ៊ុនទាំងនោះក៏សន្យា នឹងមកទស្សនៈកិច្ចស្វែងយល់និងបោះទុនរកស៊ីក្នុងខេត្តនេះក្នុងពេលឆាប់ៗខាងមុខ។
លោកបញ្ជាក់ថា ក្រុមហ៊ុន និងសហគ្រាសទាំង៤២ ដែលមានបំណងដាក់ទុនរកស៊ីក្នុង ខេត្តកំពង់ស្ពឺ សំខាន់ផ្តោតលើវិស័យចំនួន៩ក្នុងនោះមាន៖
១៖ កសិកម្ម និងកែច្នៃកសិផល
២៖ ឧស្សាហកម្មនិងផលិតកម្ម
៣៖ សំណង់ និងសម្ភារៈសំណង់
៤៖ ទេសចរណ៍ និងវប្បធម៌
៥៖ វិនិយោគ និងពាណិជ្ជកម្ម
៦៖ បច្ចេកវិទ្យា និងឌីជីថល
៧៖ រ៉ែ
៨៖ ឡូជីស្លឹក និងដឹកជញ្ជូន
៩៖ ថាមពលថ្មី និងបរិស្ថាន។
ទោះជាយ៉ាងណា អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងបន្ថែមថា ក្នុងចំណោមក្រុមហ៊ុន សហគ្រាសដែលចាប់អារម្មណ៍លើ ខេត្តកំពង់ស្ពឺនេះ មានមួយចំនួនជាអ្នកវិនិយោគ ដែលមានស្រាប់ដែលកំពុងស្វែងរកការពង្រីកប្រតិបត្តិការរបស់ខ្លួន ខណៈដែលក្រុមហ៊ុនខ្លះទៀតជាអ្នកចំណូលថ្មី គ្រោងនឹងបង្កើតរោងចក្រនៅក្នុងខេត្ត។ ហើយដើម្បីគាំទ្រលំហូរ នៃការវិនិយោគរបស់ធុរជនចិនដ៏មានសក្តានុពលនេះ អភិបាលខេត្តបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការបង្កើតបរិយាកាសស្វាគមន៍យ៉ាងកក់ក្តៅ ដោយក្នុងនោះ នឹងមានការរៀបចំបដិសណ្ឋារកិច្ចសម្រាប់អ្នកវិនិយោគទាំងនេះ ហើយធានាទាំងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការសម្រួបសម្រួលលើគ្រប់នីតិវិធីផ្សេងៗ។
សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ បើគិតមកទល់ថ្ងៃនេះ ខេត្តមានវត្តមានឧស្សាហកម្មដ៏រឹងមាំរួចហើយ ដោយក្នុងនោះមានរោងចក្រនិងសហគ្រាសប្រមាណជិត៣ពាន់រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីប្រមាណជាង ៤០ម៉ឺននាក់កំពុងធ្វើការនោះ នៅមិនទាន់គិតបងប្អូនដែលកំពុងបំពេញការងារ នៅតាមកសិដ្ឋានចិញ្ចឹមសត្វនិងចំការនានាទៀតផង។
ទន្ទឹមនិងការកើនឡើងនៃរោងចក្រ សហគ្រាសទាំងនេះ គឺបាននិងកំពុងស្រូបយកកម្លាំងពលកម្មយ៉ាងសំខាន់ពីតាមបណ្តាខេត្តជុំវិញ ដែលធានាជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់បន្ថែមទៀត។ បន្ថែមពីនេះ ខេត្តកំពង់ស្ពឺ នឹងក្លាយជាទិសដៅដ៏សំខាន់សម្រាប់គម្រោងឧស្សាហកម្ម និងផលិតកម្មនៅកម្ពុជា៕















