FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាពាណិជ្ជកម្មកម្ពុជា ត្រៀមបង្កើតក្រុមការងារផ្នែកឯកជនទី១៧ ជាមួយក្រសួងយុត្តិធម៌ ដោះស្រាយបញ្ហាប្រឈមក្នុងប្រព័ន្ធយុត្តិធម៌ (Video inside)

18-09-2026 16:56

(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា កំពុងត្រៀមបង្កើតក្រុមការងារផ្នែកឯកជនទី១៧ ជាមួយក្រសួងយុត្តិធម៌ ដើម្បីដោះស្រាយរាល់កង្វល់ និងបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ និងស្ថាប័នយុត្តិធម៌តាមបណ្តាខេត្ត។ នេះបើតាមការគូសបញ្ជាក់របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានលើកឡើងក្នុងពិធីសំណេះសំណាល និងការបោះឆ្នោតជ្រើសរើសបង្គ្រប់សមាជិកជ្រើសតាំងថ្មីរបស់សភាពាណិជ្ជកម្ម រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការបង្កើតក្រុមការងារទី១៧នេះ ធ្វើឡើងបន្ទាប់ពីមានសំណូមពរជាច្រើនពីផ្នែកឯកជនតាមខេត្ត អំពីបញ្ហាអសកម្មមួយចំនួននៅក្នុងប្រព័ន្ធយុត្តិធម៌។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា គម្រោងនេះបានជជែកជាមួយលោកបនាយករដ្ឋមន្ត្រី កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រួចហើយ និងទទួលបានការឯកភាពពីលោកឧបនាយករដ្ឋមន្ត្រីផងដែរ ដើម្បីឆ្លើយតបនឹងសំណូមពរពីផ្នែកឯកជនតាមខេត្ត ក្នុងការដោះស្រាយការកង្វល់ និងការប្រឈមទាំងឡាយដែលពាក់ព័ន្ធ ជាមួយតុលាការ ឬក៏ព្រះរាជអាជ្ញា ។

សូមជម្រាបថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គឺជាយន្តការសន្ទនាដ៏សំខាន់មួយរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារផ្នែកឯកជន ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងគោលបំណងលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។ បច្ចុប្បន្ននេះ មានក្រុមការងារផ្នែកឯកជនចំនួន ១៦វិស័យរួចមកហើយ ដែលកំពុងពិភាក្សា និងដោះស្រាយបញ្ហាប្រឈមជាមួយរាជរដ្ឋាភិបាលកម្ពុជា។

វេទិកាសន្ទនានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន និងការស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាការផ្តល់លទ្ធភាពឱ្យវិស័យឯកជនក្លាយជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច។

ការបង្កើតក្រុមការងារទី១៧នេះ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងផ្នែកឯកជន ក្នុងការកែលម្អប្រព័ន្ធយុត្តិធម៌ឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ៕