បណ្ឌិតសេដ្ឋកិច្ចមួយរូប អង្កេតឃើញភាគច្រើនអ្នកលក់ឡេនៅកម្ពុជា ទិញគ្រឿងផ្សំយកមកលាយដោយខ្លួនឯង ដែលបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់
18-09-2026 16:50
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចមួយរូប បានអង្កេតឃើញថា ភាគច្រើនអ្នកលក់ឡេនៅកម្ពុជា បានទិញគ្រឿងផ្សំយកមកលាយដោយខ្លួនឯង ដែលកត្តានេះបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់យ៉ាងខ្លាំង។
ទោះមិនបានបង្ហាញពីទិន្នន័យលម្អិត ប៉ុន្តែលោកស្រីបណ្ឌិត បានឲ្យបន្ថែមថា អ្នកលក់ឡេនៅកម្ពុជាទៀតសោត លាយឡេគ្មានរូបមន្តច្បាស់លាស់ ឲ្យតែធ្វើឲ្យអ្នកប្រើប្រាស់ឆាប់សប៉ុណ្ណោះ។
ការលើកឡើងរបស់លោកស្រីបណ្ឌិត គឺស្របពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យគ្រប់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតក្នុងការគ្រប់គ្រងគុណភាពឱសថ និងគ្រឿងសម្អាង មានឡេលាបស្បែកជាដើម ដើម្បីជាការបង្ការការគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត ព្រុំ ទេវី បានបញ្ជាក់ថា «ភាគច្រើនអ្នកលក់យើងទិញគ្រឿងផ្សំ យកមកលាយ ខ្លួនឯង ដោយមិនស្គាល់ថាវាមានឥទ្ធិពលយ៉ាងម៉េច មិនដែលចេះរូបមន្តគីមី។ លាយចុះ លាយឡើង តម្រូវចិត្តអ្នកឆាប់ ស»។
ឡេលាបស្បែកដែលសឆាប់រហ័ស ភាគច្រើនអាចមានផ្ទុកនូវសារធាតុគីមីគ្រោះថ្នាក់ជាច្រើន ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែក និងសរីរាង្គខាងក្នុង។ ផលិតផលទាំងនេះត្រូវបានគេហៅថា «ឡេលាយ» ឬឡេគ្មានប្រភពច្បាស់លាស់។ សារធាតុគីមីសំខាន់ៗដែលតែងតែលាយបញ្ចូលក្នុងឡេទាំងនេះរួមមាន បារត (Mercury) អ៉ីដ្រូគីណូន (Hydroquinone) និង ស្តេរ៉ូអ៊ីត (Steroids)។
សារធាតុទាំងនេះធ្វើឱ្យស្បែកសលឿនមែន ប៉ុន្តែវាបំផ្លាញស្រទាប់ការពារស្បែកទាំងស្រុង ធ្វើឱ្យស្បែកស្តើង ងាយរលាក លេចសរសៃឈាមក្រហមៗ ឡើងជាំខ្មៅដែលមិនអាចព្យាបាលបាន និងប្រឈមមុខខ្ពស់នឹងជំងឺមហារីកស្បែក។ លើសពីនេះ សារធាតុគីមីទាំងនេះអាចជ្រាបចូលតាមស្បែកចូលទៅក្នុងចរន្តឈាម ហើយបេះដូងនឹងបូមឈាមនោះទៅកាន់សរីរាង្គសំខាន់ៗដូចជា តម្រងនោម ប្រព័ន្ធប្រសាទ ខួរក្បាល បេះដូង និងថ្លើម ដែលបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ។ ឧទាហរណ៍ បារតអាចបំផ្លាញតម្រងនោម និងប្រព័ន្ធសរសៃប្រសាទ ខណៈដែលស្តេរ៉ូអ៊ីតអាចបំបិទអរម៉ូនធម្មជាតិ និងធ្វើឱ្យស្បែកស្តើងដូចក្រដាស។
ក្រសួងសុខាភិបាល ធ្លាប់បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការប្រើប្រាស់ឡេលាយ ដោយសារផលិតផលទាំងនេះមិនត្រូវបានផលិតតាមក្បួនខ្នាតត្រឹមត្រូវ និងគ្មានការចុះបញ្ជីការច្បាស់លាស់។ ដើម្បីការពារសុវត្ថិភាព អ្នកគួរជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពច្បាស់លាស់ មានលេខទិដ្ឋាការពីក្រសួងសុខាភិបាល និងកុំជឿការផ្សាយហួសហេតុដែលអះអាងថា «សលឿនក្នុងរយៈពេលខ្លី» ព្រោះស្បែកធម្មជាតិត្រូវការពេលយ៉ាងតិច ២៨ថ្ងៃ ដើម្បីផ្លាស់ប្តូរកោសិកាថ្មី។
លោកស្រីបណ្ឌិត ព្រុំ ទេវី ក៏បានអង្កេតដែរថា អ្នកផលិតឡេដែលគ្មានប្រភពច្បាស់លាស់ អាចជាអ្នកប្រកបមុខរបរក្រៅប្រព័ន្ធ ដែលរាជរដ្ឋាភិបាលយើង មិនទាន់មានលទ្ធភាពត្រួតពិនិត្យឱ្យបានដិតដល់។ អ្នកជំនាញផ្នែកសេដ្ឋកិច្ច ដែលបញ្ចប់ការសិក្សាពីអាល្លឺម៉ង់រូបនេះ ក៏បានឲ្យដឹងថា នៅអាល្លឺម៉ង់ មានលក់ឡេដូចគ្នា តែទំនិញរបស់គេមុនដាក់ចេញលក់ត្រូវឆ្លងកាត់មន្ទីរពិសោធន៍ និងត្រួតពិនិត្យដោយស្ថាប័នជំនាញ»។
លោកស្រីបានបន្ថែមថា «បើ ឡេ ធម្មតា លក់តាមហាងទំនិញធម្មតា តែបើប្រភេទ ឡេ សម្រាប់ព្យាបាលអីមួយ គេលក់នៅតាមឱសថស្ថាន មិនតាមហ្វេសប៊ុក ដូចនៅស្រុកយើងទេ។ នៅអាល្លឺម៉ង់គេលាបតែ ឡេ ការពារ កំដៅថ្ងៃទេ ព្រោះគេស្បែក ស ស្រាប់។ រដូវក្តៅ គេអង្គុយឬដេកហាលថ្ងៃ ឱ្យស្បែកគេទទួលបានកំដៅថ្ងៃ (វីតាមីន ដេ)។ គេមិននិយមប្រើ ជាតិគីមីឱ្យ ស ដូចយើងទេ។ បានស្បែក រៀង ក្រម៉ៅបន្តិច គេសប្បាយចិត្ត»។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរ ពេទ្យ ហ្លួងម៉ែ ដែលជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីបារម្ភចំពោះឡេដែលនាំឲ្យស គ្មានប្រភពច្បាស់លាស់។ សម្តេចធិបតី បានបញ្ជាថា ត្រូវពិនិត្យមើលផលិតផលឱសថ និងឡេលាបស្បែក ដើម្បីធានាពីគុណភាព ដោយការធ្វើបែបនេះ គឺជាការជួយទាំងអ្នកលក់ ជួយទាំងអ្នកប្រើប្រាស់ ព្រោះអ្នកលក់ខ្លះគាត់បានដឹងទេថាវាមានគុណភាព ឬគ្មានគុណភាព វាមិនប៉ះពាល់ ឬប៉ះពាល់ ព្រោះគាត់មិនមែនជាអ្នកផលិត គាត់គឺជាអ្នកទិញតពីគេដែរ ជួនកាលទិញតាមអនឡាញតៗគ្នា៕



