FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មការទី១ ព្រឹទ្ធសភា ជួបពិភាក្សាការងារ ស្វែងរកបញ្ហាប្រឈមជាមួយរដ្ឋបាលខេត្តតាកែវ

18-09-2026 16:47

(តាកែវ)៖ នៅក្នុងជំនួបពិភាក្សាការងាររវាងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ជាមួយអាជ្ញាធរខេត្តតាកែវ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានថ្លែងប្រាប់ គណៈកម្មការទី១ ព្រឹទ្ធសភាពីការរីកចម្រើនលើវិស័យជាច្រើន ដែលក្នុងនោះកំណើនរោងចក្រសហគ្រាសថ្មី បានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ដែលនាំឲ្យអាត្រាការងារក្នុងខេត្តមានកម្រិតខ្ពស់។

លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តថា រហូតមកដល់ពេលនេះ ខេត្តតាកែវ មានរោងចក្រសហគ្រាសជាង១,០០០ ដោយបង្កើតឱកាសការងារជូនកម្មករបានជិត១៧ម៉ឺននាក់ និងការចំណាយប្រាក់ខែក្នុងមួយឆ្នាំៗ ជូនកម្មករមានចនំនួនប្រមាណជាង៥រយលានដុល្លារអាមេរិក។

លោកអភិបាលខេត្តតាកែវ បានអះអាងថា កំណើនរោងចក្រ សហគ្រាស នៅក្នុងខេត្តតាកែវនេះ ក្រៅពីបានបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានកាត់បន្ថយអាត្រាអត់ការងារធ្វើ និងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋទៅធ្វើការនៅរាជធានី ឬតាមបណ្ដាលខេត្តផ្សេងៗផងដែរ។

នៅក្នុងឱកាសនោះលោក ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ របស់ព្រឹទ្ធសភា បានលើកឡើងប្រាប់ថ្នាក់ដឹកនាំខេត្តតាកែវ ពីគោលបំណងនៃដំណើរទស្សនៈកិច្ចនេះ ដោយគណៈកម្មការបានជួបជាមួយអាជ្ញាធមូលដ្ឋានក្នុងក្រុងដូនកែវ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមមួយចំនួនក្នុងមូលដ្ឋាន និងបានលើកទឹកចិត្តដល់អាជ្ញាធខេត្តតាកែវ បន្តប្រឹងប្រែងអភិវឌ្ឍន៍ខេត្តតាកែវ ឲ្យកាន់តែរីកចម្រើនទ្វេឡើង និងធ្វើការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត៕