មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ សម្រេចការងារថែទាំជួសជុល ផ្លូវជនបទបានជាង៧០ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
18-09-2026 15:37
(តាកែវ)៖ ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៩នេះ មន្ទីអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានអនុវត្តទៅលើប្រព័ន្ធផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដោយមានការថែទាំជួសជុល និងស្ថាបនាបានចំនួនជាង៧០ភាគរយហើយ។
លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានឲ្យដឹងថា លទ្ធផលការងាររយៈពេល៩ខែ ក្នុងឆ្នាំ២០២៦នេះ មន្ទីរបានអនុវត្តន៍គម្រោងថែទាំខួបផ្លូវចំនួនពីរខ្សែ គឺនៅក្នុងស្រុកទ្រាំង ជាលទ្ធផលរហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលជាង៥០ភាគរយ ទៅលើផ្លូវជិត១០គីឡូម៉ែត្រ ហើយគម្រោងផ្លូវថែទាំប្រចាំចាំជាលក្ខណៈប្រភេទកៅស៊ូ DBST បាន៨ខ្សែប្រវែង ជិត៩២គីឡូម៉ែត្រ ដោយសម្រេចជាលទ្ធផលបានជាង៦០ភាគរយ។ គម្រោងការងារថែទាំប្រចាំជាលក្ខណៈផ្លូវក្រហម គឺធ្វើបាន៤ខ្សែ ប្រវែងជាង២៩ គីឡូម៉ែត្រ សម្រេចបានជាង៧០ភាគរយ។
លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានបន្ថែមទៀតថា ជាមួយនឹងគម្រោងអន្តរាគមន៍បន្ទាន់ គឺបានន័យថាផ្លូវដែលដាច់ ស្ពានដែលដាច់មិនអាចធ្វើចរាចរណ៍បាន ត្រូវបានរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងអភិបាលខេត្តតាកែវ បញ្ជាឲ្យចុះអន្តរាគមន៍ភ្លាមៗ ពោលគម្រោងនេះបានអនុវត្តន៍បាន១០០ភាគរយ និយាយជារួមគម្រោងនេះ បានចុះអន្តរាគមន៍ទាន់ពេលហើយផ្លូវ ឬស្ពានដែលដាច់អាចឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ឡើងវិញបាន១០០ភាគរយតែម្ដង។
លោក លីវ សំណាង បានបន្ដទៀតថា មន្ទីរអភិវឌ្ឍន៍ជនបទ ក៏ដូចជាក្រសួងបានចុះ MOU ជាមួយគម្រោងអង្គកាដៃគូ ក្នុងនោះមានគម្រោងស៊ីហ្វាក់ដែលមានផ្លូវ១៣ខ្សែ ប្រវែងសរុបជាង៨០គីឡូម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូប្រភេទDBST។ ក្នុងចំណោមផ្លូវទាំង១៣ខ្សែ កំពុងតែស្ថាននាសម្រេចបាន១១ខ្សែ ជាង៧០ភាគរយ និង២ខ្សែទៀត កំពុងតែដំណើការស្ថាបនាបានជាង៣០ភាគរយ។
បើតាមលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ការងារថែទាំជួសជុលផ្លូវជនបទក្នុងខេត្តតាកែវ រហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលជាង៧០ភាគរយ ហើយនឹងប្រឹងប្រែងសម្រេចបានលទ្ធផលឲ្យ១០០ភាគរយ ក្នុងរយៈពេល៣ខែទៀត ព្រោះផ្លូវជនបទពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាកសិករអាចដឹកកសិផលយកទៅលក់នៅលើទីផ្សារ បានទាន់ពេលវេលាជាពិសេសជួយដល់ពលរដ្ឋ សិស្សានុសិស្សធ្វើដំណើរទៅសាលារៀនបានទាន់ពេល៕











