អភិបាលខេត្តកែប៖ «កាលណាមានផ្លូវ គឺមានសង្ឃឹម» ពីព្រោះផ្លូវជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់សម្រួលដល់ការរស់នៅ និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន
18-09-2026 15:33
(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍លើកឡើងថា ដរាបណាមានផ្លូវ គឺមានសង្ឃឹម ហើយកត្តាផ្លូវ ជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ សម្រាប់សម្រួលដល់ការរស់នៅ និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។
ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
លោកអភិបាលខេត្ត បន្តថា ការសាងសង់ផ្លូវបេតុងអាមេនេះ គឺដើម្បីធ្វើឱ្យប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន ជាពិសេសជួយកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរនៅក្នុងមូលដ្ឋាន។ លោកបញ្ជាក់ថា ផ្លូវល្អ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរ និងជួយជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍខេត្តកែប ឱ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតថែមទៀត។
លោក ឃន វុទ្ធី អភិបាលក្រុងកែប បានអោយដឹងថា ក្នុងឆ្នាំ២០២៦នេះ រដ្ឋបាលក្រុងកែប មានការសន្យាគាំទ្រគម្រោងអាទិភាពពីមន្ទីរ អង្គភាព និងអង្គការដៃគូអភិវឌ្ឍនានា ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កែលម្អសោភ័ណភាព និងអភិវឌ្ឍមូលដ្ឋាន សរុបចំនួន ៤៧គម្រោង ក្នុងនោះ ផ្នែកសេដ្ឋកិច្ច ចំនួន ១១គម្រោង ផ្នែកសង្គមកិច្ចចំនួន ១០គម្រោង ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន ១៩គម្រោង និងផ្នែករដ្ឋបាលចំនួន ៧គម្រោង។
ដោយឡែក ក្នុងអាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុង រដ្ឋបាលក្រុងកែប បានអនុវត្តគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ៥ខ្សែ។ ក្នុងឆ្នាំ២០២៤ បានសាងសង់ផ្លូវបេតុងអាមេ ចំនួន ១ខ្សែ ប្រវែង ៤១៦ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ។
ក្នុងឆ្នាំ២០២៥ រដ្ឋបាលក្រុងកែបបានសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ក្នុងនោះ ១ខ្សែស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ មានប្រវែង ១១៥ម៉ែត្រ ទទឹង ៥ម៉ែត្រ និង ១ខ្សែទៀតស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ មានប្រវែង ៥៧៦ម៉ែត្រ ទទឹង ៥ម៉ែត្រ។
សម្រាប់ឆ្នាំ២០២៦ នេះ រដ្ឋបាលក្រុងកែប បានប្រើប្រាស់ថវិកាប្រចាំឆ្នាំ ដើម្បីអនុវត្តគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ បម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងនោះ ១ខ្សែស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ មានប្រវែង ២៨៥ម៉ែត្រ ទទឹង ៥ម៉ែត្រ និង ១ខ្សែទៀតស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ដែលកំពុងរៀបចំបើកការដ្ឋាននៅថ្ងៃនេះ មានប្រវែង ៥៤៨ម៉ែត្រ ទទឹង ៥ម៉ែត្រ៕



































