អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse
18-09-2026 15:14
(ប៉ៃលិន)៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ក្រោមកិច្ចសហការរវាងក្រុមគ្រូពេទ្យឯកទេសភ្នែក របស់អង្គការ Samaritan’s Purse និងមន្ទីរពេទ្យបង្អែក ខេត្ត។
លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់យក «ការលើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន» ជាអាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ នៃ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ដោយមានវិធានការ និងទិសដៅ សំខាន់ៗ រួមមាន៖ ១.ការពង្រីកការគ្របដណ្តប់សុខភាពជាសកល, ២.ការពង្រឹងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន, ៣.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ, និង៤.ការទប់ស្កាត់ជំងឺមិនឆ្លង និងជំងឺឆ្លង។
លោកស្រីបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា៖ កិច្ចសហការរវាងមន្ទីរសុខាភិបាលខេត្ត និងអង្គការ ដៃគូសហការនានា ដូចជា FHF, ECF និង Samaritan’s Purse ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥត គិតថ្លៃ គឺជាការចូលរួមដ៏សំខាន់ក្នុងការជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកមាន ជីវភាពខ្វះខាត និងអ្នកដែលមិនមានលទ្ធភាពចំណាយលើការព្យាបាលជំងឺភ្នែក ដូច្នេះចំពោះប្រជាពលរដ្ឋ ដែលទទួលបានការព្យាបាល ហើយបានមើលឃើញឡើងវិញ គឺមិនត្រឹមតែជាការទទួលបានសុខភាពភ្នែកល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលបាន នូវឱកាស ក្នុងការរស់នៅប្រកបរបរចិញ្ចឹមជីវិត និងចូលរួមក្នុងសង្គម ប្រកបដោយភាពសកម្មឡើងវិញផងដែរ។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភគាំទ្រ និងកិច្ច សហការល្អ រវាងក្រុមគ្រូពេទ្យឯកទេសភ្នែក របស់អង្គការ Samaritan’s Purse ជាមួយមន្ទីរពេទ្យបង្អែកខេត្ត ក្នុងការផ្តល់ សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក ព្រមទាំងបានចូលរួម សម្រាលការលំបាកផ្នែកជីវភាពរបស់ពួកគាត់ តាមរយៈការឧបត្ថម្ភការធ្វើដំណើរ កន្លែងស្នាក់នៅ និងអាហារហូបចុក ក្នុងអំឡុងពេលទទួលការព្យាបាល ដូច្នេះកិច្ចសហការនេះគឺជាការចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងខេត្តប៉ៃលិន។
សូមបញ្ជាក់ថា៖ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន អង្គការ Samaritan’s Purse បានសហការ រៀបចំសកម្មភាព ពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃ ចាប់តាំងពីថ្ងៃទី១២ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានធ្វើការ ពិនិ ត្យ ភ្នែកចំនួន ៨១៩នាក់ ស្រី ៥០៧នាក់, វះកាត់ភ្នែកចំនួន ៤៤៦នាក់ ក្នុងនោះវះបាយភ្នែកចំនួន ៣៧៧នាក់ស្រី២៤៣នាក់ និងវះកន្ទុយថ្លែនចំនួន ៦៤នាក់ ស្រី ៤៨នាក់ ព្រមទាំងវះភ្នែកផ្សេងៗបានចំនួន ៥នាក់ ស្រី៣នាក់ ផងដែរ៕










