អភិបាលស្រុកចិត្របុរី ចុះពិនិត្យស្ថានភាពស្ពានពីរទីតាំង និងចែកអំណោយជូនពលរដ្ឋក្រីក្រជាង៥០គ្រួសារ នៅឃុំថ្មអណ្តើក
18-09-2026 14:30
(ក្រចេះ)៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី ខេត្តក្រចេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពស្ពានចំនួន២កន្លែង និងនាំយកអំណោយជាគ្រឿង ឧបភោគបរិភោគ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាតចំនួនជាង៥០គ្រួសារ នៅក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្នុងឱកាសនោះលោក យិន វណ្ណៈ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៥០គ្រួសារ នៅក្នុងបរិវេណវត្តជួរក្រូច ស្ថិតនៅក្នុងឃុំថ្មអណ្ដើក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្នុងនាមអាជ្ញាធរស្រុកលោក អភិបាលបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក នេត្រ ភក្ដ្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ, លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត, លោក វ៉ា ថន អភិបាលខេត្ត និងក្រុមការងារចុះជួយមូលដ្ឋានស្រុកចិត្របុរី ផងដែរ។
លោក យិន វណ្ណៈ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា អំណោយជាគ្រឿងឧបភោគបរិភោគ ដែលបានចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងមានជីវភាពខ្វះខាតចំនួនជាង៥០គ្រួសារ នៅក្នុងឃុំថ្មអណ្តើកនៅពេលនេះបានមកអំពី ការចូលរួមពីសំណាក់ព្រះគ្រូចៅអធិការវត្តជួរក្រូច ព្រះនាមផង់ សារិន និងលោក រុន សារ៉ែន ក្រុមការងារយុវជន បានចែកជូនដល់ពលរដ្ឋជាទឹកចិត្ត ក្នុងការចូលរួមដើម្បីជួយរំលែកទុក្ខលំបាករបស់ពលរដ្ឋមួយគ្រា តែអ្វីដែលសំខាន់គឺក្រុមការងារបានជួបសំណេះសំណាលពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋផ្ទាល់។
លោកអភិបាលស្រុកបានបន្តថា ពលរដ្ឋនៅក្នុងមូលដ្ឋានឃុំថ្មអណ្ដើកឆ្នាំនេះទទួលបានកាដូរធំៗចំនួន៣ ទីមួយនោះគឺផ្លូវកៅស៊ូដែលតភ្ជាប់ពីកំណត់ផ្លូវជាតិលេខ 7A ចូលមកក្នុងភូមិសាស្ត្រឃុំថ្មអណ្ដើក បានរួចរាល់ហើយ ឃើញថាប្រជាពលរដ្ឋពិតជាសប្បាយចិត្តហើយងាយស្រួលនៅក្នុងការធ្វើដំណើរទៅមក។
មួយទៀត គឺទទួលបានស្ពានបេតុង ឆ្លងកាត់ព្រែកទេ ដែលពីមុនប្រជាពលរដ្ឋនៅតំបន់នេះឆ្លងកាត់ប្រើប្រាស់ស្ពានយោល ឥឡូវនេះរាជរដ្ឋាភិបាលបានផ្ដល់ជូនស្ពានបេតុង តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ជូនជាចំណងដៃសម្រាប់ប្រជាពលរដ្ឋនៅតំបន់នេះបានប្រើប្រាស់ និងដឹកជញ្ជូនកសិផលចេញចូលទៅមកបានងាយស្រួល ហើយស្ពាននេះគ្រោងនឹងចាប់ផ្ដើមសាងសង់នៅខែតុលាខាងមុខនេះ ដោយប្រើប្រាស់រយពេលមួយឆ្នាំក្នុងការសាងសង់។ បន្ថែមពីនេះ សាងសង់ទំនប់ស្តុកទឹកតុសម្រាប់ប្រើប្រាស់ ស្រោច ស្រពស្រូវដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានភូមិសាស្ត្រនៅផងដែរ។
លោកថាទាំងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជា គឺតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ មិនដូចជាបក្សនយោបាយខ្លះចេះតែដើរសន្យាស្រែក ថាអត់ប្រយោជន៍ តែធាតុពិតមិនបានចូលរួមនិងជួយដល់ប្រជាពលរដ្ឋពិតប្រាកដនោះទេ។ លោកជំរុញណែនាំលើកទឹកចិត្ត ដល់ពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ឱ្យចេះសង្កេតមើល ពីសកម្មភាពរបស់គណបក្សប្រជាជន និងគណបក្សនយោបាយផ្សេងទៀត ហើយថ្លឹងថ្លែងមើលដើម្បីកុំឲ្យចាញ់បោក នៅពេលដែលរដូវកាល បោះឆ្នោតម្ដងៗគេដើរស្រែកថាអត់ប្រយោជន៍ តែអ្វីដែលប្រជាពលរដ្ឋត្រូវការ ចាំបាច់មិនដែលឃើញមុខអ្នកទាំងនោះមកចូលរួម ឬដោះស្រាយជូនប្រជាពលរដ្ឋនោះទេ។
បន្ទាប់ពីចែកជូនអំណោយដល់ប្រជាពលរដ្ឋរួចរាល់ លោកអភិបាលស្រុក រួមនិងអាជ្ញាធរភូមិឃុំខាងលើ បានពិនិត្យស្ថានភាពជាក់ស្តែង ពិនិត្យមើលទីតាំងស្ពានឈើមួយកន្លែង ដែលមានការទ្រុឌទ្រោមពិបាកនៅក្នុងការធ្វើដំណើរ ដើម្បីសិក្សាលម្អិតអំពីស្ថានភាពខូចខាត នៃស្ពាននេះ ជួសជុលកែលម្អសារឡើងវិញ ដើម្បីងាយស្រួលនៅក្នុងការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕







