តំណាងរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះប្រគល់សម្ភារបង្គន់អនាម័យ ៥០ឈុត ជូនគ្រួសារងាយរងគ្រោះ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅស្រុកគូលែន
18-09-2026 14:20
(ព្រះវិហារ)៖ ការយកចិត្តទុកដាក់លើសុខភាព អនាម័យ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ គឺជាផ្នែកមួយនៃការអភិវឌ្ឍដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តោតសំខាន់ ដោយមិនទុកឱ្យប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាត និងងាយរងគ្រោះនៅតាមមូលដ្ឋាន ប្រឈមបញ្ហាដោយគ្មានការគាំទ្រឡើយ។
ជាក់ស្តែងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តអនុវត្តការងារជាក់ស្តែងនៅមូលដ្ឋាន តាមរយៈការផ្តល់សម្ភារៈបង្គន់អនាម័យចំនួន៥០ឈុត ជូនដល់គ្រួសារងាយរងគ្រោះ ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
ពិធីប្រគល់-ទទួលសម្ភារៈនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី និងលោក យឺន សូផល អនុរដ្ឋលេខាធិការ អមដំណើរដោយលោក ម៉ប់ ធីរិត ប្រធានមន្ទីរ លោកស្រីអនុប្រធានមន្ទីរ និងលោកស្រីប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ។
ការផ្តល់សម្ភារៈបង្គន់អនាម័យនេះ ត្រូវបានផ្តល់ជូនដោយប្រើប្រាស់ថវិកាជាតិ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសគ្រួសារងាយរងគ្រោះ ដែលត្រូវការការគាំទ្រដើម្បីលើកកម្ពស់សុខភាព និងលក្ខខណ្ឌរស់នៅ។
នៅក្នុងឱកាសនោះលោកបណ្ឌិត ចាន់ ដារ៉ុង បានថ្លែងសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងផ្តាំផ្ញើដល់គ្រួសារដែលទទួលបានសម្ភារៈ ឱ្យយកសម្ភារៈបង្គន់អនាម័យទាំងអស់ទៅសាងសង់ឱ្យបានរួចរាល់ និងចូលរួមប្រើប្រាស់បង្គន់ឱ្យបានគ្រប់ៗគ្នា។
លោកថា ការប្រើប្រាស់បង្គន់អនាម័យឱ្យបានទៀងទាត់ គឺជាការរួមចំណែកសំខាន់ក្នុងការការពារសុខភាពគ្រួសារ និងសហគមន៍ ព្រមទាំងជួយកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺដែលពាក់ព័ន្ធនឹងបញ្ហាអនាម័យ និងបរិស្ថាន។
លោកថ្លែងបញ្ជាក់ថា ក្រោមទិសដៅរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ មិនត្រឹមតែយកចិត្តទុកដាក់លើការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅជនបទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងការកែលម្អបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
ជាពិសេស ការចុះទៅដល់មូលដ្ឋាន និងសាកសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ ក៏ជាផ្នែកមួយដែលបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង ក្នុងការស្វែងយល់ពីស្ថានភាពជាក់ស្តែង និងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ មានប្រសិទ្ធភាព និងឆ្លើយតបបានកាន់តែចំគោលដៅ។
បន្ទាប់ពីបញ្ចប់ពិធីប្រគល់-ទទួលសម្ភារៈបង្គន់អនាម័យ លោកបណ្ឌិត ចាន់ ដារ៉ុង និងក្រុមការងារ បានបន្តដំណើរចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តទឹកស្អាត និងអនាម័យ ដែលបានសាងសង់នៅមណ្ឌលជនភៀសសឹកកន្លងមក ដើម្បីពិនិត្យស្ថានភាព និងការប្រើប្រាស់ជាក់ស្តែងនៅមូលដ្ឋាន។
សកម្មភាពទាំងនេះបានបង្ហាញពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមជនបទ ដោយផ្តោតលើទាំងហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត អនាម័យ និងការកែលម្អជីវភាពរស់នៅ ជាពិសេសសម្រាប់គ្រួសារងាយរងគ្រោះ ដើម្បីឱ្យប្រជាពលរដ្ឋមានលក្ខខណ្ឌរស់នៅកាន់តែប្រសើរ និងមានសុខភាពល្អ៕















