អាជីវករចាញ់បោកអតីតឧកញ៉ា នួន អក ជួលតូបនៅក្រុងតាខ្មៅ, អភិបាលខេត្តកណ្ដាល សម្រួលឲ្យលក់ដូរបាន១ឆ្នាំទៀត
18-09-2026 13:08
(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានស្នើម្ចាស់ដី ដើម្បីជួយសម្រួលដល់អាជីវករដែលចាញ់បោកអតីតឧកញ៉ា នួន អក អាចលក់ដូរបាន១ឆ្នាំទៀត។ ទីតាំងដីនេះ ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាទីតាំងល្អបំផុតកណ្ដាលក្រុង។
ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមអាជីវករ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦, លោក គួច ចំរើន បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលកំពុងប្រកបមុខរបរនៅទីតាំងខាងលើ សូមកុំមានការព្រួយបារម្ភ ឬភ័យខ្លាច ពាក់ព័ន្ធនឹងការបន្តប្រកបអាជីវកម្មរបស់ខ្លួន រដ្ឋបាលខេត្ត និងអាជ្ញាធរក្រុងតាខ្មៅ នឹងបន្តខិតខំសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យអាជីវករអាចបន្តលក់ដូរ និងប្រកបមុខរបររបស់ខ្លួនបានរហូតដល់ខែកញ្ញា ឆ្នាំ២០២៧។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានណែនាំឱ្យអាជីវករទាំងអស់ ប្រមូល និងផ្តល់ឯកសារពាក់ព័ន្ធ ដូចជា វិក្កយបត្រ បង្កាន់ដៃបង់ប្រាក់ កិច្ចសន្យា ឬឯកសារផ្សេងៗដែលធ្លាប់បានធ្វើជាមួយលោក នួន អក ទៅអាជ្ញាធរក្រុងតាខ្មៅ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងពិនិត្យឱ្យបានច្បាស់លាស់ ដើម្បីកំណត់អត្តសញ្ញាណអាជីវករដែលពិតប្រាកដ ពិនិត្យស្ថានភាពនៃការបង់ប្រាក់ និងកិច្ចសន្យាដែលមានស្រាប់ ក្នុងគោលបំណងទប់ស្កាត់ការក្លែងបន្លំឯកសារ ឬការឆ្លៀតឱកាសពីជនខិលខូចមួយចំនួន៕





























