FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកស្ទោង ប្តេជ្ញាទប់ស្កាត់បទល្មើសឆបោកអនឡាញ និងពង្រឹងសន្តិសុខមូលដ្ឋាន

18-09-2026 12:59

(កំពង់ធំ)៖ លោក សាយ គឹមឡម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បានប្តេជ្ញាចិត្តខ្ពស់ក្នុងការទប់ស្កាត់បទល្មើសឆបោកអនឡាញមិនឱ្យកើតមានដាច់ខាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្រចាំខែកញ្ញា កាលពីព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦។

លោកប្រធានបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចកិច្ចការនេះប្រកបដោយប្រសិទ្ធភាព ត្រូវតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកងកម្លាំងទាំងបីប្រភេទ ព្រមទាំងការចុះសិក្សាស្រាវជ្រាវ តាមដានអង្កេត និងស្រង់ស្ថិតិឱ្យបានជាក់ស្តែងបំផុត អំពីការមកស្នាក់នៅរបស់ជនបរទេស ផ្ទះសំណាក់ ឬផ្ទះជួលថ្មីៗ។

ទន្ទឹមនឹងនេះ ត្រូវរៀបចំផែនការសកម្មភាពបន្ថែមទៀត ដើម្បីពង្រឹងការអនុវត្ត «គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោក សាយ គឹមឡម ក៏បានជំរុញដល់មន្ត្រីជំនាញឱ្យបង្កើនល្បឿន និងសម្រួលនីតិវិធីលើការងារអត្រានុកូលដ្ឋាន ព្រមទាំងការផ្តល់សេវាអត្តសញ្ញាណកម្ម ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ/ស្នាក់នៅជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ លើសពីនេះ ត្រូវបង្កើនការល្បាតដើម្បីទប់ស្កាត់សកម្មភាពក្មេងទំនើង និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រៃឈើ មច្ឆជាតិ និងការទន្ទ្រានតំបន់អភិរក្សឱ្យបានម៉ឺងម៉ាត់បំផុត។

ជាចុងក្រោយ លោកប្រធានគណៈបញ្ជាការឯកភាព ក៏បានណែនាំឱ្យត្រៀមលក្ខណៈក្នុងការប្រារព្ធពិធីបុណ្យជាតិផ្សេងៗនាពេលខាងមុខ ជាពិសេសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដោយដាក់ចេញនូវផែនការការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍យ៉ាងតឹងរ៉ឹង ដើម្បីធានាជូនប្រជាពលរដ្ឋនូវភាពកក់ក្តៅ និងសប្បាយរីករាយក្នុងការធ្វើដំណើរទៅកាន់វត្តអារាម និងទីកន្លែងកម្សាន្តនានា។
លោកក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរក្រោមឱវាទបន្តថែរក្សាអនាម័យ និងសម្អាតបរិស្ថានសាធារណៈ ព្រមទាំងចុះត្រួតពិនិត្យថែទាំប្រព័ន្ធអំពូលសូឡាតាមដងផ្លូវជាតិលេខ៦ ឱ្យមានពន្លឺភ្លឺច្បាស់ជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់សោភ័ណភាពក្នុងស្រុក តាមការណែនាំរបស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ៕