ក្រសួងអប់រំ ព្រមានចាត់វិធានការតាមច្បាប់ ចំពោះជនលួចក្លែងបន្លំលិខិតរបស់ក្រសួង ដើម្បីបញ្ជាក់សញ្ញាបត្របណ្ឌិតរបស់និស្សិតក្រៅប្រទេស (Video inside)
18-09-2026 11:33
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីជម្រាបជូនសាធារណជន និងស្ថាប័នពាក់ព័ន្ធឱ្យបានជ្រាបថា មានករណីក្លែងបន្លំលិខិតរបស់ក្រសួង ដើម្បីបញ្ជាក់សញ្ញាបត្របណ្ឌិតរបស់និស្សិតដែលបានបញ្ចប់ការសិក្សាពីគ្រឹះស្ថានឧត្តមសិក្សានានានៅក្រៅប្រទេស។ លិខិតក្លែងបន្លំទាំងនេះត្រូវបានយកទៅប្រើប្រាស់ជាឯកសារ ភ្ជាប់ជាមួយសំណើផ្សេងៗ ដូចជា សំណើសុំធ្វើជាគ្រូដឹកនាំនិក្ខេបបទ និងគោលបំណងពាក់ព័ន្ធផ្សេងទៀត។
ជុំវិញការលួចក្លែងបន្លំលិខិតដើម្បីបញ្ជាក់សញ្ញាបត្របណ្ឌិតរបស់និស្សិតក្រៅប្រទេសនេះ ក្រសួងអប់រំ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសការបដិសេធលិខិតបញ្ជាក់សញ្ញាបត្រក្លែងបន្លំ ដែលក្លែងធ្វើឱ្យមានលក្ខណៈដូចលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបញ្ជាក់ទៀតថា សញ្ញាបត្របណ្ឌិតដែលទទួលបានពីក្រៅប្រទេស ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃ ដោយក្រសួងអប់រំ យុវជន និងកីឡា មុននឹងយកទៅប្រើប្រាស់ជាផ្លូវការ។ ចំពោះសញ្ញាបត្របណ្ឌិត ដែលទទួលបានតាមរយៈកម្មវិធីបណ្តុះបណ្តាលអនឡាញ ត្រូវមកបញ្ជាក់ពីភាពត្រឹមត្រូវនៃសញ្ញាបត្រ និងស្ថានភាពស្របច្បាប់របស់ស្ថាប័ននៅប្រទេសដើម ដោយក្រសួងអប់រំ យុវជន និងកីឡា។ ជាមួយគ្នានេះគ្រឹះស្ថានឧត្តមសិក្សានីមួយៗ ត្រូវធានាថា បុគ្គលិកបង្រៀនដែលមាន សញ្ញាបត្របណ្ឌិត ប្រើប្រាស់សញ្ញាបត្រដែលមានភាពត្រឹមត្រូវ និងមិនមានការក្លែងបន្លំ។
ក្រសួងសូមបញ្ជាក់បន្ថែមថា លិខិតបញ្ជាក់សញ្ញាបត្រដែលមានទម្រង់ ខ្លឹមសារ ហត្ថលេខា ត្រា ឬព័ត៌មានក្លែងក្លាយ មិនមែនជាឯកសារដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡាឡើយ ហើយក្រសួងមិនទទួលស្គាល់ចំពោះឯកសារទាំងនេះ ជាដាច់ខាត។ បុគ្គល ឬបុគ្គលិកបង្រៀនណាដែលក្លែងបន្លំ កែប្រែ ឬប្រើប្រាស់សញ្ញាបត្របណ្ឌិត ឬលិខិតបញ្ជាក់សញ្ញាបត្រ ក្លែងក្លាយ នឹងត្រូវទទួលខុសត្រូវ និងទទួលទោសតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ក្រសួងក៏នឹងចាត់វិធានការតាមច្បាប់ ចំពោះសាមីជន ឬបុគ្គលពាក់ព័ន្ធដែលប្រព្រឹត្តអំពើក្លែងបន្លំ ឬប្រើប្រាស់ឯកសារក្លែងក្លាយ៕

