ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
18-09-2026 10:26
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក រៀម រុំ មេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត ក្នុងនោះមានជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងបទល្មើសស៊ី សំណូក សូកប៉ាន់ ដឹកនាំ និងរៀបចំទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onlin Scams) នៅក្នុងមូលដ្ឋានរបស់ខ្លួន។
ក្រោយការឃាត់ខ្លួនជាបន្តបន្ទាប់ ACU បានបញ្ជូនក្រុមជនសង្ស័យទាំងនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ចោទប្រកាន់ជនសង្ស័យខាងលើជាផ្លូវការដូចខាងក្រោម៖
ទី១៖ ឈ្មោះ រៀម រុំ មេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ (ឃាត់ខ្លួន) ពីបទស៊ីសំណូក, សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ២៩ និងមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៦ និងមាត្រា ៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។
ទី២៖ ឈ្មោះ ជា វាសនា ភេទប្រុស (ឃាត់ខ្លួន) និងឈ្មោះ ជា សុទ្ធ ហៅម៉េង ភេទប្រុស (កំពុងជាប់ឃុំ) ពីបទសមគំនិតក្នុងអំពើស៊ីសំណូក , សមគំនិតក្នុងអំពើរៀបចំ ឬ ដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមគំនិតក្នុងអំពើសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ២៩ និងមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៦ និងមាត្រា ៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ទី៣៖ ឈ្មោះ ចាង ចៀនឈាំង (ZHANG JIAN QIANG) ហៅ ឆៃ យ៉ូវយៀន (Cai You Yuan) ហៅត្រង៉ោលភេទប្រុស ជនជាតិចិន និង បក្សពួក (គេចខ្លួន) ពីបទ សូកប៉ាន់, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, រៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៥, មាត្រា ៦ និងមាត្រា ៩នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ ស្តីពី ការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕


