FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារអបអរសាទរ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ក្នុងឱកាសជាប្រវត្តិសាស្ត្រនៃការប្រារព្ធខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

18-09-2026 09:54

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ លោក ចាវ ឡីជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន ទីក្រុងប៉េកាំង ក្នុងឱកាសជាប្រវត្តិសាស្ត្រនៃការប្រារព្ធខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ខាងមុខ។

តាមរយៈសារលិខិតនេះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងយ៉ាងដូច្នេះថា៖ «តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរ យ៉ាងកក់ក្តៅបំផុត ជូនចំពោះ ឯកឧត្តមប្រធាន សហការី និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសជាប្រវត្តិសាស្ត្រ នៃការប្រារព្ធខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ខាងមុខ»

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី មានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាពដែកថែប និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេស រវាងស្ថាប័ននីតិប្បញ្ញត្តិយើងទាំងពីរ ដែលឈរលើមូលដ្ឋាននៃការទុកចិត្តផ្នែកនយោបាយ និងកិច្ចសហ ប្រតិបត្តិការជាក់ស្តែង នឹងត្រូវបានពង្រឹង និងពង្រីកកាន់តែរឹងមាំបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ជាទៀងទាត់នៅគ្រប់កម្រិត សំដៅឆ្ពោះទៅកាន់ការកសាងសហគមន៍វាសនារួមនៅគ្រប់រដូវកាល។

បច្ចុប្បន្ននេះប្រទេសចិនបាននិងកំពុងដើរតួនាទីជាសសរទ្រទ្រង់សកលយ៉ាងសំខាន់ ក្នុងការរួមចំណែក ថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក។

ជាថ្មីម្ដងទៀត សម្តេចមហារដ្ឋសភាធិការធិបតី មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សកុម្មុយនីស្តចិន សាធារណរដ្ឋប្រជាមានិតចិន នឹងសម្រេច បាននូវទស្សនវិស័យរបស់ខ្លួន ឈានឆ្ពោះទៅជាប្រទេសសង្គមនិយមទំនើបមួយ ប្រកបដោយវិបុលភាព រឹងមាំ វប្បធម៌ជឿនលឿន ប្រជាធិបតេយ្យ សុខដុមរមនា និងស្រស់បំព្រង នៅគម្រប់ខួបមួយរយឆ្នាំនៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិននាឆ្នាំ២០៤៩ ខាងមុខ៕