FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង

18-09-2026 09:51

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប​ញ្ជាក់ឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៦នេះ យានយន្តអគ្គិសនីចុះបញ្ជីនៅកម្ពុជា មានចំនួនសរុប ២២,៧៩៣គ្រឿង ក្នុងនោះរថយន្ត ១៦,៩២៦ គ្រឿង, ទោចក្រយានយន្ត ៤,៩៧៤គ្រឿង និងត្រីចក្រយានយន្ត ៨៩៣គ្រឿង។

លោក ផន រឹម បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះទៀតថា ប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នការថ្មី ហើយរាជរដ្ឋាភិបាលបានផ្តល់ជម្រើសសំបូរបែបសម្រាប់ប្រជាពលរដ្ឋ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានគូសរំលេចដែរថា ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច ,ផាសុភាព, កម្រិតបំពុលក្នុងបរិយាកាលទៀបបំផុត។ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិត នៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។

សូមបញ្ជាក់ដែរថា ដើម្បីរួមចំណែកលើកកម្ពស់យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០។ គោលនយោបាយនេះ គឺជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

គោលនយោបាយនេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាស្រាវជ្រាវ និងការសំយោគគោលនយោបាយដែលមានស្រាប់ បទពិសោធអន្តរជាតិ ព្រមទាំងការពិភាក្សាជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដោយមានការកំណត់នូវចក្ខុវិស័យ គោលបំណង គោលដៅ និងគោលការណ៍ ច្បាស់លាស់ ព្រមទាំងដាក់ចេញនូវវិធានការមុតស្រួចដែលមានភាពប្រទាក់ក្រឡាគ្នា បំពេញគ្នាទៅវិញទៅមក និងភាពគ្រប់ជ្រុងជ្រោយ ដោយកំណត់យន្តការ និងក្រសួង ស្ថាប័នអនុវត្តច្បាស់លាស់ក្នុងក្របខ័ណ្ឌ ពេលវេលាជាក់លាក់៕