FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះរដ្ឋបាលនៅតាមទីតាំងចំនួន ៩កន្លែង នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេស ១៨នាក់ តែមិនមានបទល្មើស Online Scams នោះឡើយ

17-09-2026 21:53

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងមានការចូលរួម សហការពីសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត បានចុះអនុវត្តការងាររដ្ឋបាល៩ទីតាំង នៅក្រុងប៉ោយប៉ែត ដើម្បីស្វែងរកបទល្មើស Online Scams។

តែការចុះរដ្ឋបាលនេះ មិនមានទីតាំងណាមួយលួចប្រព្រឹត្តបទល្មើស Online Scams នោះទេ។

ប្រតិបត្តិការចុះតាមរដ្ឋបាលនេះ បានធ្វើឡើងក្រោមការបញ្ជាពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ពេលចុះរដ្ឋបាលកម្លាំងសមត្ថកិច្ចបានរកឃើញជនបរទេសស្នាក់នៅចំនួន ១៨នាក់ ស្រី ៤នាក់ (ជនជាតិអាមេរិកចំនួន ១នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន ១១នាក់ ស្រី ០៣នាក់ ជនជាតិចិន ៦នាក់ ស្រី ១នាក់ )មានឯកសារត្រឹមត្រូវចំនួន ១៧នាក់ គ្មានឯកសារ ១នាក់ ពុំមានបទល្មើសស្គេមអនឡាញ។

របាយការណ៍បានបញ្ជាក់ថា ទីតាំងដែលបានចុះការងាររដ្ឋបាលរួមមាន៖

១៖ សង្កាត់ប៉ោយប៉ែត ដឹកនាំដោយលោក បោន សិលា អភិបាលរង ក្រុងប៉ោយប៉ែតចុះអនុវត្តបានចំនួន០៤គោលដៅ រកឃើញជនបរទេសស្នាក់នៅចំនួន ១នាក់ ស្រី ០នាក់ (ជនជាតិអាមេរិក ) មានឯកសារត្រឹមត្រូវ និងពុំមានពាក់ព័ន្ធបទល្មើសស្តេមអនឡាញ ។

២៖ សង្កាត់អូរជ្រៅ ដឹកនាំដោយលោក ពេស រិយ៉ាស័ក អភិបាលរងក្រុង អនុវត្តបានចំនួន ០២គោលដៅ រកឃើញជនបរទេសស្នាក់នៅចំនួន ១១នាក់ ស្រី ៣នាក់ (ឥណ្ឌូនេស៊ី ) មានឯកសារត្រឹមត្រូវ ទាំងអស់ ពុំមានពាក់ព័ន្ធបទល្មើសស្គេមអនឡាញទេ។

៣៖ សង្កាត់ផ្សារកណ្ដាល ដឹកនាំដោយលោក មាស សំណាងអភិបាលរងក្រុងចុះអនុវត្តបានចំនួន ៣ទីតាំង មានជនបរទេសស្នាក់នៅចំនួន ៦នាក់ ស្រី ១នាក់ (ជនជាតិចិន) មានឯកសារត្រឹមត្រូវ ៥នាក់ មិនមានឯកសារ ១នាក់ ពុំមានបទល្មើសស្គេម៕