FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតថ្មីរបស់ហ្សកហ្ស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​កម្ពុជា-ហ្សកហ្ស៊ី ឱ្យកាន់តែរឹងមាំ

17-09-2026 20:39

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី បានអនុញ្ញាតឱ្យលោក អ៉ីរ៉ាកលី អាសាសវីលី (Irakli Asashvili) ឯកអគ្គរដ្ឋទូតថ្មី​របស់​ហ្សកហ្ស៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គី​ភាពនៃព្រឹទ្ធសភាកម្ពុជា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះ លោក អ៉ីរ៉ាក់លី អាសាលវីលី (Irakli Asashvili) ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញសមត្ថភាពរបស់ហ្សកហ្ស៊ីប្រចាំនៅកម្ពុជា។

សម្ដេចតេជោប្រមុខរដ្ឋស្តីទី បានបង្ហាញក្តីសង្ឃឹមថា វត្តមានរបស់លោកឯកអគ្គរដ្ឋទូត នឹង​ចូល​រួមចំណែកជំរុញ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ​ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក Irakli Asashvili បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូ​ប​លោក​​​ចូលជួបជូនសារតាំង និងសម្ដែងការគួរសម។ លោក ក៏បានសម្ដែងការគោរព និង​កោត​សរសើរចំពោះតួនាទីដឹកនាំ និងបទពិសោធន៍របស់សម្ដេចតេជោ ដែលលោក​បាន​សិក្សាស្វែងយល់តាមរយៈឯកសារប្រវត្តិសាស្ត្រ និងសារព័ត៌មាន។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តប្រឹងប្រែងជំរុញទំនាក់​ទំនង និងកិច្ចសហ​ប្រតិ​បត្តិការរវាងកម្ពុជា និងហ្សកហ្ស៊ី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ លោក ក៏​បាន​គូសបញ្ជាក់ថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ កំពុងមានការរីកចម្រើនគួរឱ្យកត់​សម្គាល់។

សម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត និង​បានបញ្ជាក់ថា ទោះបីកម្ពុជា និងហ្សកហ្ស៊ី មានទីតាំងភូមិសាស្ត្រឆ្ងាយពីគ្នា តែប្រទេស​ទាំង​ពីរនៅតែអាចពង្រឹងទំនាក់ទំនង និងបង្កើតកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផល​ប្រយោជន៍​ទៅវិញទៅមក។

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា និងស្វែងរកវិស័យសំខាន់ៗដែលមានសក្តានុពល ដើម្បីពង្រីកកិច្ចសហប្រតិ​បត្តិ​ការ និងធ្វើឱ្យទំនាក់ទំនងកម្ពុជា-ហ្សកហ្ស៊ីកាន់តែស៊ីជម្រៅ។

ក្នុងជំនួបនេះ សម្ដេចតេជោ បានរំលឹកអំពីដំណើរទស្សនកិច្ច របស់សម្ដេចទៅកាន់ប្រទេស ហ្សកហ្ស៊ីនាពេលកន្លងមក និងបានសម្ដែងក្តីសង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហប្រតិ បត្តិការ រវាងប្រទេសទាំងពីរនឹងបន្តរឹងមាំនិងរីកចម្រើនថែមទៀត៕